(គូឡាឡាំពួរ)៖ ស្របទៅតាមនីតិវិធីរបស់ប្រទេសម៉ាឡេស៊ី សពរបស់លោក គីម ជុងណាំ ដែលត្រូវជាបង​ប្រុសរបស់​មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន នោះនឹងត្រូវយកទៅធ្វើកោសល្យវិច័យ​ជាលើកទីពីរ​​ដើម្បីស្វែងរក​តំរុយ និងមូលហេតុ​នៃការស្លាប់ឲ្យ​បានកាន់តែប្រាកដ​ច្បាស់ជាងមុន។ នេះបើតាម​​ការដកស្រង់​​ការ​ផ្សាយពី សារព័ត៌មានអាមេរិក វ៉ាស៊ីនតោនប៉ុស្តិ៍ នៅមុននេះបន្តិច​នាព្រឹក​ថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។

គួរបញ្ជាក់ថាការធ្វើកោសល្យវិច័យលើកទីមួយកាលពីថ្ងៃទី១៥ ខែកុម្ភៈ សមត្ថកិច្ចម៉ាឡេស៊ីបានសន្និដ្ឋាន​ជាបឋមថា​លោក គីម ជុងណាំ ត្រូវបានគេបំពុល​នៅអាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុងគូឡាឡាំពួរ ហើយក៏បាន​ស្លាប់បាត់បង់ជីវិត​ពេលកំពុងបញ្ជូន​តាមរថយន្តសង្គ្រោះ​ទៅកាន់មន្ទីរពេទ្យ។ សម្រាប់​កោសល្យ​វិច័យជាលើកទីពីរ​នេះ អាជ្ញាធរម៉ាឡេស៊ីមិនទាន់បញ្ជាក់ថា​តើនឹងចេញលទ្ធផលពេលណា​នោះឡើយ៕