(វ៉ាស៊ីនតោន)៖ ខណៈដែលសារព័ត៌មានដែលតែងតែ​សរសេរប្រឆាំង​ប្រធានាធិបតី​អាមេរិកថ្មី លោក ដូណាល់ ត្រាំ ជាច្រើន​នៅតែមិនព្រមបន្ថយ​ឥទ្ធិពលនោះ អតីតមហាសេដ្ឋីរូប​នេះ​បានសរសេរ​បង្ហោះនៅ​លើបណ្តាញ​សង្គម Twitter របស់លោកថា​ សារព័ត៌មានទាំងនោះ «ជាសត្រូវនៃប្រជាជនអាមេរិក»។ នេះបើ​តាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន​ចិនស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។

សម្រាប់សារព័ត៌មានដែលទទួលបានពាក្យព្រមាន និងរិះគន់ធ្ងន់ៗបន្ថែមទៀតពីលោក ដូណាល់ ត្រាំ នៅចុងសប្តាហ៍នេះ​មានដូចជា New York Times, NBCNews, ABC, CBS, និង CNN ផងដែរ។ លោកបានសង្កត់ធ្ងន់ថា សារព័ត៌មានទាំងឡាយនេះ «មិនមែនជាសត្រូវរបស់ខ្ញុំទេ ប៉ុន្តែជាសត្រូវ​របស់​អាមេរិកទាំងមូល»។ សារព័ត៌មាន New York Times បានចេញផ្សាយព័ត៌មាន​របស់ខ្លួនភ្លាមៗតបហ្នឹង​សារ​​លោក​ ត្រាំ នោះថា «វាគឺការបង្កើនសកម្មភាពវាយប្រហារ មកលើស្ថាប័នព័ត៌មាន​នានាសុទ្ធសាធ»

គួរបញ្ជាក់ថាចាប់តាំងពីមុនការបោះឆ្នោត រហូតដល់យុទ្ធនាការឃោសនាបោះឆ្នោត និងក្រោយ​បោះឆ្នោត​ដឹងលទ្ធផល ព្រមទាំងក្រោយ​ឡើងកាន់តំណែងជា​ប្រធានាធិបតី លោក ដូណាល់ ត្រាំ តែងតែរិះគន់​ចំពោះ «ព័ត៌មាន​មិនពិត និងគ្រប់គ្រង​លែងបាន​» របស់បណ្តាញសារព័ត៌មាន​ធំៗ និងល្បីៗ​របស់អាមេរិក​មួយចំនួន ក្នុងនោះ​លោកថែមទាំងបាន​ទាស់ពាក្យសម្តី​ដោយផ្ទាល់ជា​មួយ​អ្នក​សារព័ត៌មាន​ទូរទស្សន៍ CNN កាលពីអំឡុង​សន្និសីទ​សារព័ត៌មាន​ធំមួយកាលពី​ខែមករា ទៀតផង។

គួររំលឹកទៀតថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋាភិបាលរបស់ប្រទេសវេណេស៊ុយអេឡា បានសម្រេច​បញ្ឈប់ដំណើរការនៃប៉ុស្តិ៍ទូរទស្សន៍ ​និង​​សារ​ព័ត៌​មាន​ CNN ជាភាសាអេស្ប៉ាញ នៅទូទាំងប្រទេសទាំងមូលចាប់ពីពេលនេះតទៅ ដោយចោទថា ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមួយនេះ​​​បាន​​ធ្វើ​​សេច​ក្តី​រាយការណ៍ព័ត៌មានមិនពិត និងញុះញង់ ដែលកំពុងបង្កការគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពនៃលទ្ធិប្រជាធិបតេយ្យរបស់​ប្រជាជន​វេណេស៊ុយអេឡា។ រដ្ឋាភិបាល​វេណេស៊ុយអេឡា​ត្រូវគេ​រាយការណ៍​ថា បានបើកការ​ស៊ើបអង្កេត​ទៅលើ​កិច្ចការ​ផ្សេងៗរបស់​ប៉ុស្តិ៍​ទូរទស្សន៍ CNN ជា​ភា​សា​អេស្ប៉ាញ​​នេះកាលពីខែសីហា ឆ្នាំ២០១៥ ដោយចោទប្រកាន់ថា បានចែកចាយសេចក្តីរាយការណ៍មិនពិតប្រាកដ ស្តីពីអំពើហិង្សានៅក្នុង​ប្រទេស​នៃតំបន់​អាមេរិកខាងត្បូងមួយនេះ៕​