(សេអ៊ូល)៖ កម្លាំងប៉ូលិស​ម៉ាឡេស៊ី​បានចាប់ខ្លួន​បុរសវ័យ៤៧ឆ្នាំ​ម្នាក់ ដែលមានលិខិត​ឆ្លងដែនរបស់​ប្រទេស​កូរ៉េខាងជើង នៅក្នុងរដ្ឋធានី​គូឡាឡាំពួរ​នៅយប់​ថ្ងៃសុក្រម្សិលមិញ​នេះ ជុំវិញសំណុំ​រឿងឃាតកម្ម​លើ​លោក គីម ជុងណាំ ដែលត្រូវជា​បងប្រុសម្តាយ​ទីទៃ​ជាមួយ​និង​​​ប្រមុខ​​ដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន។ នេះបើ​តាមការ​ចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះ​បន្តិច​នាព្រឹក​​ថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយ​ផ្អែកលើ​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​ជប៉ុន Kyodo ដែល​យោង​តាមប្រភព​ពីសារព័ត៌​មាន​​​ក្នុង​ស្រុក​ម៉ាឡេស៊ី​ផ្ទាល់។

ប្រភព​ព័ត៌មាន​ដដែលបានឲ្យដឹងថា​ បុរស​ដែល​​ត្រូវ​បាន​​ចាប់​ឃាត់​ខ្លួន​ខាងលើ​ទំនងជាបុគ្គលម្នាក់​ក្នុង​ចំណោម​បុរស​ជាប់​សង្ស័យ​​បួន​​នាក់ ដែល​ត្រូវ​​គេ​ជឿ​ថា​​ជាអ្នក​បញ្ជា​​ឲ្យ​ជន​​សង្ស័យ​​ជាស្រ្តី​ពីរ​ផ្សេង​ទៀត​​​ឲ្យ​​ទៅ​ធ្វើ​ឃាតលោក គីម ជុងណាំ នៅ​ឯ​​អាកាសយាន​ដ្ឋាន​​មួយ​កន្លែង​​ក្នុង​​ទីក្រុង​គូឡាឡាំពួរ​កាលពី​ថ្ងៃចន្ទដើម​សប្តាហ៍​នេះ។ នេះបើតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Kyodo ដោយផ្អែក​លើប្រភព​ពីសារ​ព័ត៌​មាន​ China Press ជាភាសាចិន​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី។

យោងតាម​សេចក្តី​រាយការណ៍​របស់ China Press បុរស​ដែលត្រូវអាជ្ញាធរ​ម៉ាឡេស៊ីចាប់​ខ្លួន​បាននេះ គឺជាជនជាតិ​កូរ៉េខាងជើង ក៏​ប៉ុន្តែ​ប៉ូលិស​ម៉ាឡេស៊ី​មិនទាន់​បានចេញ​មុខអះអាង​ឲ្យបានដឹង​ច្បាស់នៅឡើយ​នោះទេ ហើយ​សារព័ត៌មាន​ដដែលនេះ​បានលើកឡើង​​ទៀត​​ ថា​ជន​រូប​នេះ​​មាន​ប្រវត្តិ​ធ្លាប់បាន​ធ្វើដំណើរ​មកកាន់​ម៉ាឡេស៊ី​ជាច្រើនលើក​ផងដែរ​។

គួរបញ្ជាក់ថា​បុរសខាងលើ​គឺជាសង្ស័យ​ទីបួន​ហើយ​ដែលត្រូវបាន​ចាប់ខ្លួនបាននៅក្រោយ​ការចាប់ខ្លួន​ជនសង្ស័យ​បីនាក់​ផ្សេងទៀត​រួមមាន​ ស្ត្រីម្នាក់កាន់​លិខិតឆ្លងដែន​វៀតណាម​ដែលត្រូវបានគេ​កំណត់អត្តសញ្ញាណ​ថាមានឈ្មោះ Doan Thi Huoung, ស្រ្តីជនជាតិឥណ្ឌូណេស៊ីម្នាក់​ឈ្មោះ Siti Aisyah និងមិត្តប្រុស​ជាជនជាតិម៉ាឡេស៊ីរបស់នាងមានឈ្មោះ Muhammad Farid Jalaluddin៕