(​អាល្លឺម៉ង់)៖ នៅទីបំផុត​បន្ទាប់ពីបាន​ផ្ទុះសង្រ្គាម​ពាក្យសម្តីដាក់គ្នា រឿងសមុទ្រចិនខាងត្បូង​នាពេលថ្មីៗ​នេះ រដ្ឋមន្ត្រីការ​បរទេសចិន ​លោក វ៉ាង យី និងសមាភាគី​អាមេរិក​លោក រិច ធីល្លឺសុន បានជួបមុខគ្នា​ហើយ នៅថ្ងៃសុក្រនេះ​នាឱកាស​ដែលអ្នកទាំងពីរ​ចូលរួមនៅក្នុង​កិច្ចប្រជុំ​កំពូល G20 រៀបចំឡើង​នៅឯទីក្រុង Bonn​ ប្រទេស​អាល្លឺម៉ង់។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅល្ងាចថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។​

ជំនួបរវាងលោក វ៉ាង យ៉ី និងលោក ធីល្លឺសុន ធ្វើឡើងនៅចំពេល​មហាអំណាច​ទំាងពីរ កំពុងខ្វែង​គំនិត​គ្នាលើបញ្ហាធំៗ​ជាច្រើន ដូចជាការ​ដាក់ពង្រាយ​ប្រព័ន្ធខែល​ការពារមីស៊ីល THAAD នៅលើទឹកដី​កូរ៉េខាងត្បូង រឿងសមុទ្រចិនខាងត្បូង និងខាងកើត ព្រមទាំង​សំណុំរឿងកូរ៉េខាងជើង​ជាដើម។ ទោះបីជា​បែបនេះក្ដី ភាពតាន​តឹងរវាង​ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង​ហាក់ដូចជា​ធូរស្រាល​ឡើងវិញ ក្រោយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ យល់ព្រម​ទទួលស្គាល់គោល​នយោបាយ​ចិនតែមួយ នៅក្នុងលិខិត​ផ្ញើជូនប្រធានាធិបតីចិន លោក ស៊ី ជីនពីង។

គួររំលឹកថា​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក រិច ធីល្លឺសុន បានធ្វើការ​អាត្ថាធិប្បាយជាច្រើន ជុំវិញ​សំណុំរឿង​សមុទ្រចិន​ខាងត្បូង ដោយក្នុងនោះលោក​ថែមទំាង​ធ្លាប់បាន​ប្រកាន់គោលជំហរ​យ៉ាងរឹងមំា តាមរយៈការ​អះអាងថា ចិនមិនគួរ​ត្រូវបានអនុញ្ញាត​ឱ្យចូលទៅក្នុង​តំបន់ជម្លោះ​ដែលខ្លួនបាន​សាងសង់កោះ​សប្បនិម្មិត​នោះទេ ហើយដែលការ​លើកឡើង​បែបនេះ ត្រូវបានចិនសម្តែងភាពខឹងសម្បារជាខ្លាំង៕​