(ម៉ូស្គូ)៖ ជាការឆ្លើយ​តបទៅនឹង​សេចក្តីរាយការណ៍​ព័ត៌មាន​ដែលថា​ រុស្ស៊ីបានបំពាន​លើសន្ធិសញ្ញាជាមួយ​សហរដ្ឋអាមេរិក ដោយការ​ដាក់​​ពង្រាយមីស៊ីល​ដែលត្រូវបាន​ហាមឃាត់នោះ វិមានក្រិមឡាំង​បានចេញ​មុខធ្វើការបញ្ជាក់អះអាងថា​ រដ្ឋាភិបាល​ទីក្រុងម៉ូស្គូ​មានការប្តេជ្ញាចិត្ត​យ៉ាងខ្ពស់ ក្នុងការគោរព​យ៉ាងខ្ជាប់ខ្ជួន​ចំពោះកតព្វកិច្ច​អន្តរជាតិ​របស់ខ្លួន ដោយរួមបញ្ចូល​ទាំង​បញ្ហាមីស៊ីល​នេះ​ផងដែរ យោងទៅលើកិច្ចព្រម​ព្រៀងដែល​ខ្លួនបានចុះហត្ថលេខា​កាលពី​អតីតកាល។ នេះបើតាម​​ការចេញផ្សាយ​​​ដោយ​សារព័ត៌មាន Channel News Asia នៅមុននេះ​​បន្តិច​នាល្ងាច​ថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក Dmitry Peskov អ្នកនាំពាក្យ​វិមានក្រឹមឡាំង​បានថ្លែងដូច្នេះ​ថា «រុស្ស៊ីបាន​ក៏ដូចជា​នឹងនៅតែ​ប្តេជ្ញា​គោរព​តាមកិច្ចព្រមព្រៀង​អន្តរជាតិ​​នានា ដោយរួម​បញ្ចូល​ទាំងសន្ធិសញ្ញា​ដែលកំពុងរង​មន្ទិលសង្ស័យនេះ ហើយពី​មុនមកពុំដែលមាននរណាម្នាក់ ឬក៏ប្រទេស​ណាមួយ​បាន​ធ្វើ​ការ​​ចោទ​ប្រកាន់​​ជា​ផ្លូវ​ការ​ថាប្រទេសរុស្ស៊ី​បានរំលោភ​បំពានសន្ធិសញ្ញា​មីស៊ីលនេះ​ឡើយ»

គួរបញ្ជាក់ថា​សារព័ត៌មាន​អាមេរិក ដោយ​ផ្នែកលើប្រភពពីមន្រ្តី​រដ្ឋាភិបាល​អាមេរិក​ផ្ទាល់​បានចុះផ្សាយថា​ប្រទេសរុស្ស៊ី​បានធ្វើការ​ដាក់ពង្រាយ​​ប្រព័ន្ធគ្រូស​មីស៊ីល (Cruise Missile) ដែលប្រើ​សម្រាប់បាញ់​ចេញពីលើផ្ទៃដី ទោះបីជា​សហរដ្ឋអាមេរិក​បានរិះគន់ថា​ទង្វើនេះបាន​បំពានលើ​សន្ធិសញ្ញា​ស្តីពីការគ្រប់គ្រងអាវុធ​ដែលបានដាក់បំរាមហាមឃាត់​ទៅលើមីស៊ីល​រយៈមធ្យមសម្រាប់​បាញ់ពីផ្ទៃដី​របស់អាមេរិក និងរុស្ស៊ី​យ៉ាង​ណាក្តី៕