(វែលីងតោន)៖ ទីក្រុងធំ​ដែលមានប្រជាជនរស់​នៅច្រើនបំផុត​របស់ប្រទេសនូវែលសេឡង់ Chirstchurch បានធ្វើការប្រកាសអាសន្ន​ក្នុងកម្រិត​ខ្ពស់បំផុត ហើយប្រជាជន​រាប់រយនាក់​ហើយ​ត្រូវបាន​ជម្លៀសចេញ​​នៅតំបន់ដែល​ភ្លើងឆេះព្រៃ​បាននិងកំពុងលេបត្របាក់​ជាបណ្តើរៗ។ នេះបើតាមការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិនស៊ិនហួរ នៅមុននេះ​បន្តិច​នារសៀល​ថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាម​ក្រុមប្រឹក្សា​ក្រុង Christchurch មនុស្សប្រមាណ​ ៣០០នាក់ទៅ​៤០០នាក់ ត្រូវបានគេ​ជម្លៀសចេញពីលំនៅឋាន​ជាបន្ទាន់​នៅឯ​តំបន់​ Port Hills នៃទីក្រុង ហើយប្រជាជន​រាប់រយនាក់​ផ្សេងទៀត​បានរត់ភៀស​ខ្លួន​ ដោយឯកឯង​ដើម្បីបង្ការ​គ្រោះថ្នាក់។ ព្រមពេល​ជាមួយគ្នា​កង​កម្លាំងការពារជាតិ​នូវែលសេឡង់​ ក៏ត្រូវបាន​បញ្ជូន​ទៅកាន់​ទីក្រុង Christchurch ដើម្បីជួយ​ដល់ភ្នាក់ងារ​ពន្លត់អគ្គិភ័យ​ក្នុងការពន្លត់​ភ្លើង​ឆេះ​ព្រៃ​​​ដ៏​សន្ធោស​ន្ធៅ ដែលកំពុងរីករាលដាល​លើផ្ទៃដី​ប្រហែល​១,៦៥៥ហិកតា​នេះផងដែរ។

គួរបញ្ជាក់ដែរថា​នៅថ្ងៃអង្គារម្សិលមិញ​នេះ អាកាសយានិកម្នាក់​បានបាត់បង់ជីវិត​បន្ទាប់ពីឧទ្ធម្ភាគចក្រ​មួយគ្រឿង​បានធ្លាក់ ខណៈពេល​ដែលកំពុង​ជួយធ្វើការ​ពន្លត់អគ្គិភ័យ​នៅតាមជម្រាល​ភ្នំជុំវិញទីក្រុង Christchurch ដែលបាននិង​កំពុងបន្តទទួល​រងអាកាសធាតុ​ក្តៅ​​ស្ងួត​ហួត​ហែង​​នៃ​​រដូវ​​ក្តៅ​​នៅ​ភាគខាងត្បូង​ប្រទេស​នូវែលសេឡង់​​៕