(ប៉េកាំង)៖ Brexit នឹង​មិនជះផលប៉ះពាល់​អាក្រក់​ដល់ទំនាក់ទំនង​ចិន-ចក្រភពអង់គ្លេស​នោះឡើយ តែផ្ទុយទៅវិញ​នឹងផ្តល់​ឱកាស​​ក្នុងការបើក​ទំព័រ​ប្រវត្តិសាស្រ្តថ្មី​ នៃចំណងទ្វេភាគីរវាងប្រទេសទាំងពីរ​ដែលនឹងកាន់តែប្រសើរជាងមុខទៅទៀត។ នេះបើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួរ នៅមុននេះ​បន្តិច​​នា​រសៀល​ថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយដកស្រង់​សម្តីរបស់​រដ្ឋមន្រ្តីអង់គ្លេស។

រដ្ឋមន្រ្តីនៃ​ចក្រភពអង់គ្លេស ដែលជាតំណាងប្រចាំ​តំបន់អាស៊ី និងប៉ាស៊ីហ្វិកលោក Alok Sharma បានលើក​ឡើងថា​ការឈាន​ជើង​ចាកចេញពី​សហភាពអឺរ៉ុប ​បានបង្ហាញពី​ឱកាសជាច្រើន​សម្រាប់ឲ្យ​ចក្រភព​អង់គ្លេស ធ្វើបង្កើន​ទំនាក់ទំនង​ក៏ដូចជាមិត្ត​ជាមួយ​ប្រទេសដទៃៗ​ទៀតដូចជា​ចិនជា​ដើម។ «យើងទទួល​បានឱកាសថ្មី​ដើម្បីចាប់​កិច្ចសន្ទនា​ក៏ដូចជាពិភាក្សា​ជាមួយចិន ស្តីពីអនាគត​នៃទំនាក់ទំនង​ពាណិជ្ជកម្ម​របស់ពួកយើង​ថា​តើវានឹង​មានរូបរាង​បែបណា​នៅក្រោយពេល​ចាកចេញពី​សហភាពអឺរ៉ុប​» ដែលនេះ​គឺជាសម្តី​របស់លោក Sharma បន្ទាប់ពី​បានបើក​សម្ពោធ​​មជ្ឈមណ្ឌល​បំពេញបែបបទ​ទិដ្ឋាការរបស់​ចក្រភពអង់គ្លេស​នៅឯទីក្រុង Fuzhou ក្នុងខេត្ត Fujian នៃប្រទេសចិន។

នៅក្នុង​ឱកាសនោះ ​លោក Alok Sharma ក៏បានធានា​ដល់បណ្តា​វិនិយោគិនចិន​ទាំងឡាយ​ផងដែរថា​ ចក្រភពអង់គ្លេស​គឺជាកន្លែងដ៏ល្អ​បំផុត​សម្រាប់​បង្កើតមុខជំនួញ​ក៏ដូចជាធ្វើ​ពាណិជ្ជកម្ម ហើយនៅតែ​បើកចំហ​យ៉ាងទូលាយ​ជានិច្ច​ចាំទទួល​ការវិនិយោគ ស្របពេល​សេដ្ឋកិច្ច​របស់​ប្រទេសអឺរ៉ុប​មួយនេះ​នៅតែ​បន្តមាន​ភាពរឹងមាំ​ឥតថមថយនោះ​ឡើយ ទោះបីមាន​ការបោះឆ្នោត​ប្រជាមតិស្តីពី Brexit កាលពីឆ្នាំមុនយ៉ាងណាក្តី។

គួរបញ្ជាក់ថា​ឆ្នាំ២០១៧នេះ​គឺជាខួបទី៤៥ឆ្នាំហើយ​នៃទំនាក់ទំនង​ការទូតទ្វេភាគី​រវាងភាគីទាំងពីរ ហើយចិន​គឺជាដៃគូពាណិជ្ជកម្ម​ដ៏ធំទីពីរ​របស់​ចក្រភពអង់គ្លេស​ ដែលស្ថិតនៅក្រៅ​សហភាពអឺរ៉ុប ខណៈ​ចក្រភពអង់គ្លេសវិញ​គឺកន្លែងដែលមាន​ការបណ្តាក់ទុន​វិនិយោគ​ពីសំណាក់ប្រទេស​ចិនច្រើនជាង​ប្រទេសណាណា​ទាំងអស់​នៅអឺរ៉ុប៕