(វ៉ាស៊ីនតោន)៖ ក្រុម​មេដឹកនាំធំៗ​នៅក្នុងជួរគណបក្ស​សាធារណៈរដ្ឋ បានអំពាវនាវ​ឱ្យមានការស៊ើប​អង្កេតមួយ ជុំវិញទំនាក់​ទំនង​រវាងអតីត​ទីប្រឹក្សា​សន្តិសុខជាតិ លោក Michael Flynn ជាមួយនឹង​រដ្ឋាភិបាលរុស្ស៊ី។ ក៏ប៉ុន្តែទន្ទឹម​គ្នានោះ​ក្រុមមន្ត្រីជាន់ខ្ពស់​មួយចំនួន ក៏បានសម្ដែង​ការមិនពេញចិត្ត​នឹងការស៊ើប​អង្កេត​ឯករាជ្យនេះផងដែរ។ នេះបើតាម​ការចេញ​ផ្សាយដោយ​សារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាម​សេតវិមាន លោក Michael Flynn បានម្រេចចិត្ត​លាលែងពីតំណែង​កាលពីថ្ងៃចន្ទ​កន្លងទៅ បន្ទាប់ពីមាន​រឿងអាស្រូវ​ពាក់ព័ន្ធនឹង​កិច្ចសន្ទានា​តាមទូរស័ព្ទ​ជាមួយអគ្គរដ្ឋ​ទូត​រុស្ស៊ី ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន​ស្ដីពី​ការដាក់​ទណ្ឌកម្ម​នៃរដ្ឋបាល​លោក បារ៉ាក់ អូបាម៉ា ប្រឆាំង​នឹង​ទីក្រុងមូស្គូ មុននឹង​លោក ដូណាល់ ត្រាំ ស្បថចូល​កាន់តំណែង​ជាប្រធានាធិបតី​អាមេរិក ខណៈ​លោក ត្រាំ ផ្ទាល់​ក៏បានដឹង​ពី​បញ្ហានេះដែរ អស់​រយៈពេល​ជាច្រើនសប្ដាហ៍​មកនេះ។ តែទោះ​បីយ៉ាង​ណា លោក Flynn ​បានបដិសេធ​ចំពោះការចោទ​ប្រកាន់នេះ។      

គួរបញ្ជាក់ថា​បើតាមកាសែត New York Times​ លោក Michael Flynn បាននិយាយ​ទូរស័ព្ទជាមួយ​អគ្គរដ្ឋទូតរុស្ស៊ី លោក Sergei Kislyak យ៉ាងតិច​ណាស់ចំនួន០៥ដង។ រីឯប្រធានបទ​សំខាន់​ដែលអ្នកទំាងពីរ​ជជែកគ្នា​គឺផ្តោតសំខាន់​ទៅលើការ​ដាក់ទណ្ឌកម្ម​ពីសំណាក់​រដ្ឋបាល​លោក បារ៉ាក់ អូបាម៉ា ប្រឆាំង​ទីក្រុងមូស្គូ សម្រាប់​ការជ្រៀតជ្រែក​ចូលក្នុងកិច្ចការ​បោះឆ្នោត​អាមេរិក ដែលនេះត្រូវ​បានក្រុមអ្នក​ច្បាប់អាមេរិក ចាត់ទុកថា​ជាទង្វើ​ខុសច្បាប់​ត្បិតលោក Flynn បានដឹកនាំពិភាក្សា​ផ្នែក​ការទូត​អាមេរិកជា​ឯកជនដោយខុសច្បាប់ មុននឹងលោក​ត្រូវបានតែងតាំង​ជាផ្លូវការ​ជាទីប្រឹក្សា​សន្តិសុខជាតិ៕