(​សេអ៊ូល)៖ ក្រសួង​ការបរទេស​កូរ៉េខាងជើង​នៅថ្ងៃពុធនេះ បានច្រានចោល​សេចក្ដីថ្លែងការណ៍​រួមថ្កោលទោស​របស់ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ចំពោះការ​បាញ់សាកល្បង​មីស៊ីលផ្លោង​រយៈចំងាយមធ្យម​របស់ខ្លួន ដោយថែមទំាង​បញ្ជាក់ឡើង​វិញថា ការធ្វើតេស្ដ​មីស៊ីល​កាលពីថ្ងៃអាទិត្យ​សប្ដាហ៍មុន​គឺជា​សិទ្ធិនៃអធិបតេយ្យភាព​ស្របច្បាប់ និងជាផ្នែក​មួយនៃវិធាន​ការការពារ​សុទ្ធសាធ។ នេះបើតាម​ស្ថានីយ៍ទូរស្សន៍​កូរ៉េខាងជើង KCNA ដកស្រង់​ដោយ​សារព័ត៌មាន Channel News Asia​ នៅរសៀលថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។

ក្រុមប្រឹក្សាសន្តិសុខអង្គការ​សហប្រជាជាតិ​រួមមានទាំងចិន ដែលជា​ខ្នង​បង្អែកដ៏ធំ​របស់លោក គីម ជុងអ៊ុន បានថ្កោលទោស​ជាឯកច្ឆ័ន​ចំពោះការ​បាញ់សាក​ល្បងមីស៊ីល​ផ្លោង ពីសំណាក់​កូរ៉េខាងជើង និងបាន​ព្រមាន​ដែរថា នឹងចាត់​វិធានការ​បន្ថែមប្រឆាំង​នឹងរបបដឹកនាំ​ទីក្រុង​ព្យុងយ៉ាង។ នៅក្នុង​សេចក្ដីថ្លែងការណ៍ កាលពីថ្ងៃចន្ទ​ក្រុមប្រឹក្សាសន្តិសុខ​បាន​បញ្ជាក់​ដូច្នេះថា «សមាជិកក្រុមប្រឹក្សា​​សន្តិសុខ ថ្កោលទោស​យ៉ាងខ្លំាង ចំពោះ​ការបាញ់សាកល្បង​មីស៊ីល​ផ្លោង ដោយសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យ​កូរ៉េកាលពី​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ និង​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ត្បិត​ការបាញ់​សាកល្បង​ទំាងនេះ គឺជាទង្វើ​រំលោភ​យ៉ាងធ្ងន់ធ្ងរ លើសេចក្ដី​សម្រេចរបស់​អង្គការ​សហប្រជាជាតិ »

គួរបញ្ជាក់ថា​​បើតាមយោធា​កូរ៉េខាងត្បូង​ ទីក្រុងព្យុយ៉ាង​​បានធ្វើតេស្ដ​មីស៊ីល​ផ្លោង Pukguksong-2 មាន​រយៈ​ចម្ងាយ​នៅចន្លោះ​ចម្ងាយ​របស់ SLBM និង​របស់ Musudan។ មីស៊ីល​ផ្លោង SLBM របស់របប​ដឹកនាំ​ទីក្រុង​ព្យុងយ៉ាង​ត្រូវបាន​គេជឿជាក់ថា​ ​មានរយៈចម្ងាយ​ពីចន្លោះ​ ២,០០០គីឡូម៉ែត្រ​​​ទៅ ២,៥០០ ​គីឡូម៉ែត្រ និងមីស៊ីលផ្លោង Musudan មាន​រយៈចម្ងាយពី​ចន្លោះ ៣,០០០គីឡូម៉ែត្រ​ទៅ ៣,៥០០គីឡូម៉ែត្រ។ រីឯមីស៊ីល​ផ្លោង Pukguksong-2 ដែលទើប​ត្រូវបានអភិវឌ្ឍន៍ថ្មីប្រហែល​មានរយៈចម្ងាយពី ២,៥០០គីឡូម៉ែត្រទៅ ៣,០០០គីឡូម៉ែត្រ៕