(ម៉ូស្គូ)៖ ក្រសួងការពារជាតិ​រុស្ស៊ី​បានចេញ​សេចក្តី​ថ្លែងការណ៍ ឆ្លើយតប​នឹងការចោទ​ប្រកាន់របស់​អាមេរិកថា ការបញ្ជា​យន្តហោះ​ចម្បាំងរុស្ស៊ី ទៅកៀកនឹង​នាវាពិឃាតអាមេរិក​នៅតំបន់ដែនសមុទ្រ​ខ្មៅ​កាលពី​ពេលថ្មីៗ​នេះ គឺមិនមែន​ជាទង្វើខុសឆ្គង ឬជាការបង្កហេតុអ្វី​នោះឡើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌​មានរុស្ស៊ី RT នាព្រឹក​ថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។

ក្រសួងការពារជាតិអាមេរិក​បានចោទយន្តហោះចម្បាំង​រុស្ស៊ីថា បានហោះមកកៀក​នឹងនាវាពិឃាត​របស់ខ្លួន​នៅដែន​សមុទ្រខ្មៅ ប្រកបដោយ​លក្ខណៈគ្រោះថ្នាក់ និងគ្មានជំនាញទាល់តែ​សោះ ខណៈដែលនាវា​​អាមេរិក​ខាងលើនេះ​កំពុងតែបំពេញ​ប្រតិបត្តិការ​ល្បាតជា​ធម្មតា។ យន្តហោះចម្បាំង​របស់រុស្ស៊ីមួយចំនួន​បានហោះ​កៀកនឹងនាវាពិឃាត​អាមេរិកឈ្មោះ USS Porter កាលពី​ថ្ងៃទី១០ ខែកុម្ភៈ​ចុងសប្តាហ៍មុន។

គួរបញ្ជាក់ថា​យន្តហោះចម្បាំង​រុស្ស៊ី ដែលបានហោះឆ្វែល​នាវាអាមេរិក​នោះគឺ supersonic Su-24 ចំនួន​ពីរ​គ្រឿង។ រុស្ស៊ីបាន​បញ្ជាក់ថា ក្រុមយន្តហោះចម្បាំង​របស់ខ្លួនតែងតែ​ធ្វើការហោះ​ល្បាតនៅចម្ងាយ​រាប់ពាន់​គីឡូម៉ែត្រ​ពីតំបន់ឆ្នេរ​ដែលវាជារឿង​ធម្មតា​ មិនមានអ្វីជា​ការគំរាមកំហែង​ដល់នរណាឡើយ៕