(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនាថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) បានសម្រេចដាក់ទណ្ឌកម្មទៅលើបុគ្គលចំនួន​១៣រូប និងស្ថាប័នចំនួន១២​ផ្សេងទៀតរបស់អ៊ីរ៉ង់ ដែលជាការដាក់ពិន័យបន្ថែមទៅលើរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ បន្ទាប់ពីសេតវិមានបាន​​ចាត់ទុកប្រទេសតំបន់មជ្ឈឹមបូព៌ាមួយនេះ ទៅនៅក្នុងបញ្ជី​ឃ្លាំងមើលដោយការប្រុងប្រយ័ត្នខ្ពស់ ដោយសារតែការបាញ់សាកល្បងមីស៊ីលផ្លោង​ឆ្លង​ទ្វីប និងសកម្មភាពមួយចំនួនទៀត។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មាន Reuters នៅយប់ថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ក្រសួងរតនាគារជាតិអាមេរិក បុគ្គលនិងស្ថាប័នរបស់អ៊ីរ៉ង់ដែលបានទទួលការដាក់​ទណ្ឌ​កម្ម​មួយ​ចំនួន​មានមូលដ្ឋាន​នៅក្នុង ​លីបង់ អេមីរ៉ាត់ អារ៉ាប់រួម និងចិន។ ការដាក់ទណ្ឌកម្មបន្ថែមថ្មីនេះ គឺស្ថិត​ក្នុងផ្នែកនៃកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់សហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ចេតនា​អាក្រក់របស់អ៊ីរ៉ង់នៅឯក្រៅប្រទេស ដែលហួសផុត​ពីដែនកំណត់នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ រវាងរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ និងបណ្តាប្រទេសមហាអំណាចពិភពលោក។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមករាកន្លងទៅថ្មីៗនេះដែលត្រូវនឹងថ្ងៃអាទិត្យសប្តាហ៍មុន រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ បានធ្វើការបាញ់សាក​ល្បង មីស៊ីលផ្លោងឆ្លងទ្វីប​ចំនួនមួយគ្រាប់ និងមីស៊ីលដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរមួយគ្រាប់ផ្សេងទៀត ដោយ​ជោគ​ជ័យ ហើយអាមេរិកបានចាត់ទុកទង្វើនេះថា ជាការបំពាន​លើសេចក្តីសម្រេចរបស់ក្រុម​​ប្រឹក្សា​សន្តិ​សុខ ​នៃ​អង្គការសហប្រជា​ជាតិ ទោះបីជា​រដ្ឋមន្រ្តីក្រសួងការពារជាតិ អ៊ីរ៉ង់បានចេញមុខអះអាងថា ទង្វើទាំង​នេះពុំ​បាន​រំ​លោភ​បំពាន​លើ​កិច្ច​ព្រម​ព្រៀង​ណា​មួយ​យ៉ាង​​ណាក្តី៕