(ហាណូយ)៖ នាឆ្នាំ២០១៧នេះ​ប្រទេសវៀតណាម​​ទំនងជានឹង​កាក់កបខ្លាំង ដោយរំពឹងថានឹង​រកចំណូល​បានរហូតដល់​​ចំនួនបីពាន់​លានដុល្លារ​ពី​ការ​នាំ​​ចេញ​បន្លែ​ក៏ដូចជាផ្លែ​ឈើ​ទៅក្រៅ​ប្រទេស ដោយនៅ​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ​ បន្លែផ្លែឈើ​របស់វៀតណាម​រកបានទីផ្សារ​ថ្មីមួយចំនួន​បន្ថែម​ទៀតមានដូច​ជា​សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង និងឈីលី​ជាដើម។ នេះបើតាម​សេចក្តីរាយការណ៍​របស់ សមាគម​បន្លែផ្លែ​ឈើ​​វៀតណាម ដែលដក​ស្រង់​​ដោយ​ទីភ្នាក់ងារ​​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះ​​បន្តិច​នា​រសៀល​​ថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧។

ទោះបីជាបែបនេះក្តី​ថវិកាដ៏ច្រើនសន្ធឹក​សន្ធាប់​ខាងលើ​ ដែលនឹងរកបាន​ពីវិស័យនេះភាគច្រើន​នឹងយកទៅ​ចំណាយលើការ​ទិញ​​ចូល​ផលិត​ផលបន្លែ​និងផ្លែឈើ​ពីបរទេសរួម​មានថៃ និងចិនជាដើមវិញ ព្រោះថា​ប្រ​ជា​ជន​​វៀត​ណាម​ផ្ទាល់​ភាគច្រើន​បាន​បាត់​បង់​​ទំនុក​ចិត្ត​លើ​​ផលិត​ផល​ក្នុងស្រុក​ខ្លួនឯង​ ​ដោយសារ​ការប្រើប្រាស់​សារធាតុគីមី​ខ្លាំងក្លា​លើសលប់ពេក ទៅលើបន្លែ​ផ្លែឈើ​ទាំងអស់នោះ។

គួរបញ្ជាក់ថា​ប្រទេស​វៀតណាម ដែលកំពុង​តែ​មានភាពល្បីល្បាញ​ខាងនាំចេញ​បន្លែក៏​ដូចជាផ្លែឈើ​ច្រើនប្រភេទ​ទៅ​កាន់​ទីផ្សារ​​អន្តរ​ជាតិ​នោះ​ ​បាន​នាំ​ចូល​បន្លែ​ផ្លែឈើ​ពីប្រទេស​តំបន់អាស៊ី​ចំនួន ១២ធំៗ ក្នុងនោះ​ប្រទេសថៃ ឈរលេខរៀងទី១ មានទំហំទឹក​ប្រាក់​ស្មើនឹង ២១៨.៨លានដុល្លារ និង ចិនឈរលេខរៀងទី២ មានទំហំទឹកប្រាក់ស្មើនឹង ១២៥.២លានដុល្លារ៕