(តេហេរ៉ង់)៖ លោកឧត្តម​សេនីយ៍ Hossein Dehqan រដ្ឋមន្រី្តក្រសួងការពារជាតិ​នៃប្រទេសអ៊ីរ៉ង់ បានចេញ​មុខអះអាង​នៅថ្ងៃព្រហស្បតិ៍នេះ​​ថា​ ការបាញ់សាកល្បង​ប្រភេទគ្រូស​មីស៊ីល (Cruise Missile ) នាពេលថ្មីៗនេះ​បានប្រព្រឹត្តទៅ​ដោយជោគជ័យ និងមិនមែនជា​ការបំពានលើការ​ប្តេជ្ញា​ដ៏មុតមាំរបស់​រដ្ឋាភិបាល​ទីក្រុងតេហេរ៉ង់ ចំពោះកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ JCPOA ឬមួយក៏​ដំណោះស្រាយ​លេខ ២២៣១ របស់​ក្រុម​ប្រឹក្សា​សន្តិសុខនៃអង្គការ​សហប្រជាជាតិ​នោះឡើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន​រុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧។

នៅក្រោមកិច្ច​ព្រមព្រៀង JCPOA ដែលត្រូវ​បានចុះហត្ថលេខា​ដោយអ៊ីរ៉ង់ សហភាពអឺរ៉ុប និងមហា​អំណាច​ពិភពលោក​ទាំង០៦ (សហរដ្ឋ​អា​មេ​រិក រុស្ស៊ី ចិន ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់) រដ្ឋាភិបាល​​ទីក្រុង​តេហេរ៉ង់​បានសន្យាថា​ នឹងមិនព្យាយាម​អភិវឌ្ឍន៍​ឬមានផ្ទុកអាវុធនុយ​ក្លេអ៊ែរនោះឡើយ ជាថ្នូរនឹងការដក​ទណ្ឌកម្មមួយចំនួន​ចេញពីប្រទេស​អ៊ីរ៉ង់វិញ ហើយបន្តិច​ក្រោយមក​ដំណោះស្រាយ​របស់ក្រុមប្រឹក្សា​សន្តិ​សុខ​​នៃ​អង្គ​ការ​សហ​ប្រជាជាតិ​ក៏ត្រូវបាន​អនុម័ត​ភ្លាមៗ ដើម្បីធានា​ពីលើកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នេះ។

ជុំវិញបញ្ហាខាងលើ​នៅថ្ងៃពុធ រដ្ឋមន្រ្តីការពារជាតិ​អ៊ីរ៉ង់ ក៏បានចេញ​មុខបញ្ជាក់អះអាង​ម្តងរួចមកហើយ​ដែរថា ប្រទេសអ៊ីរ៉ង់​​បាន​បាញ់សាកល្បង​គ្រាប់មីស៊ីល​ប្រភេទផ្លោង​ឆ្លងទ្វីប ហើយក៏បាន​ប្រកាន់ជំហរ​ដដែលថា​ការធ្វើតេស្ត​មីស៊ីល​នោះ ពុំបាន​រំលោភ​បំពានកិច្ចព្រម​ព្រៀង​នុយក្លេអ៊ែរ​រវាងទីក្រុង​តេហេរ៉ង់​ និងមហាអំណាច​ពិភពលោក​ទាំង០៦ ឬក៏​ដំណោះស្រាយ​របស់ក្រុមប្រឹក្សា​សន្តិសុខ​យូអិន​នោះឡើយ។

គួរបញ្ជាក់ថាសារព័ត៌មាន​អាល្លឺម៉ង់នៅរសៀលថ្ងៃព្រហស្បតិ៍ ​បានចុះផ្សាយថាអ៊ីរ៉ង់​បានធ្វើការបាញ់​សាកល្បងគ្រូសមីស៊ីល​ប្រភេទ​ «ស៊ូម៉ា (Sumar)» ​របស់ខ្លួនជាលើកទីមួយ ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបាន ហើយវាត្រូវបានគេធ្វើតេស្តកាលពី​ថ្ងៃ​ទី​​២៩ ខែមករាកន្លងទៅថ្មីៗនេះ ដោយធ្វើដំណើរបានចម្ងាយប្រហែលជា៦០០គីឡូម៉ែត្រ បន្ថែមពីលើការបាញ់​សាកល្បងមីស៊ីល​ផ្លោងអន្តរ​ទ្វីប​​ដែល​​មាន​​រយៈ​ចម្ងាយ​មធ្យម។

ដោយឡែកជាការឆ្លើយតបរដ្ឋាភិបាលអាមេរិកបានដាក់​អ៊ីរ៉ង់ក្រោម​ការ​ប្រុងប្រយ័ត្ន និង​ព្រមានធ្ងន់ៗថែមទៀតផង ដែលវាជាសញ្ញាមួយ​អាច​បង្ហាញ​ថាអាមេរិកនឹងត្រៀមដាក់​ទណ្ឌកម្ម​ថ្មី​បន្ថែមទៀត​ ដើម្បីជាការសម្តែង​ឥរិយាបថ​កោងកាចមួយ​​សំដៅរក​រដ្ឋាភិបាលទីក្រុង​តេហេរ៉ង់ ដែលអាច​បង្កភាពតានតឹង​នៅក្នុងតំបន់បាន៕