(មូស្គូ)៖ កិច្ចសន្ទនាតាមទូរសព្ទជាលើកដំបូងរវាង លោក ដូណាល់ ត្រាំ និងលោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានប្រព្រឹត្តិទៅដោយភាព ស្និទស្នាល និងប្រកបដោយលក្ខណៈស្ថាបនា ក្នុងបរិបទដែលប្រធានាធិបតីអាមេរិកថ្មី បានបង្ហាញពីចេតនាធ្វើការរួមគ្នាជាមួយទីក្រុងមូស្គូដោយគ្មានការភ័យ ខ្លាច និងប្រឆាំងរុស្ស៊ី។ នេះបើតាមមន្រ្តីក្រសួងការបរទេសរុស្ស៊ី ដកស្រង់សម្ដីដោយសារព័ត៌មាន Channel News Asia​ នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៧។

ថ្លែងនៅក្នុងកិច្ចប្រជុំតុមូល លោក Gueorgui Borissenko បានគូសបញ្ជាក់ដូច្នេះថា៖ «ភាគីសហរដ្ឋអាមេរិក បានបង្ហាញពីឆន្ទៈធ្វើការងាររួមគ្នា ដោយគ្មានការ ភ័យខ្លាច និងផ្អែកលើផលប្រយោជន៍ទៅវិញទៅមក ហើយមេដឹកនាំទំាងពីរក៏បានពិភាក្សាគ្នាផងដែរ ពីបញ្ហាអន្តរជាតិជាច្រើន ប្រកបដោយបរិយាកាសស្និទស្នាល និងលក្ខណៈស្ថាបនា»

គួរបញ្ជាក់ថា បើតាមលោក Gueorgui Borissenko ប្រមុខដឹកនាំនៃប្រទេសទាំងពីរ បានព្រមព្រៀងគ្នាក្នុងការរក្សាទំនាក់ទំនងផ្ទាល់ខ្លួនជាទៀងទាត់ ព្រមទាំង រៀបចំនិងត្រួតពិនិត្យលើកាលបរិច្ឆេទ និងទីកន្លែងដែលត្រូវជួបគ្នា នៅពេលអានាគត៕