(បាងកក)៖ ការនាំចេញអង្កររបស់ប្រទេសថៃ​ ដែលជាអ្នកផ្គត់ផ្គង់​ធំបំផុតលើលោក​បន្ទាប់ពី​ប្រទេស​ឥណ្ឌា ទំនងជា​នឹងជួបប្រទះនូវការ​ធ្លាក់ចុះក្នុង​អត្រា​ប្រហែល០៤ភាគរយ​នៅ​ឆ្នាំ២០១៧នេះ នៅចំពោះ​មុខកំណើន​ដ៏ខ្លាំងក្លា​​នៃការប្រកួត​ប្រជែងពី​វៀតណាម​ក៏ដូចប្រទេស​ដទៃៗ​មួយ​​ចំនួន​​ទៀត។ នេះ​បើ​តាម​​ការ​ចេញផ្សាយ​ដោយ​ សារព័ត៌មានថៃ​បាងកកប៉ុស្តិ៍ នៅមុននេះបន្តិច​នារសៀល​ថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៧។

ថ្លែងក្នុង​បទសម្ភាសន៍​មួយនៅ​ថ្ងៃពុធសប្តាហ៍នេះ​ លោក Chookiat Ophaswongse ជាប្រធាន​កិត្តិយស​នៃសមាគម​អ្នកនាំចេញ​ស្រូវអង្ករ​ថៃ បានថ្លែងថា​ ចំនួនសរុប​នៃការនាំចេញ​អង្ករ​នៅក្នុងឆ្នាំ​២០១៧នេះ​ គឺ៩.៥លានតោន ខណៈ​បើយោង​តាមទិន្នន័យ​ពីក្រសួងពាណិជ្ជ​ថៃ​ ប្រទេស​នៅតំបន់​អាស៊ីអាគ្នេយ៍​មួយនេះ​បាននាំចេញ​អង្ករ​ចំនួន៩.៨៨លានតោន​ទៅកាន់ទីផ្សារពិភពលោក​កាលពីឆ្នាំ២០១៦។

គួរបញ្ជាក់ថាយោងតាមលោក Chookiat ការប្រកួតប្រជែង​ដ៏ខ្លាំងសម្បើម​ពីសំណាក់​ប្រទេស​វៀតណាម ប្រហែលនឹង​កាត់បន្ថយ​ការនាំចេញ​​អង្ករ​គ្រាប់វែង​របស់ថៃ​ប្រមាណជា​៤០០,០០០តោន គឺនៅត្រឹម​៤.៦៦លានតោន​តែប៉ុណ្ណោះ ទោះបីជា​ការលក់​នៃប្រភេទ​អង្ករផ្កាម្លិះ​កើនឡើង​ប្រមាណជា០៩ភាគរយ គឺដល់២.៥លានតោនយ៉ាងណាក្តី៕