(សេអ៊ូល)៖ រដ្ឋមន្ត្រីការពារជាតិ​អាមេរិកថ្មី​ លោក ជែម ម៉ាតទីស (​James Mattis) បានធ្វើដំណើរមកដល់​កូរ៉េខាងត្បូង​ហើយ​នៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងក្របខ័ណ្ឌ នៃការបំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋរយៈពេល​ពីរថ្ងៃ និងដើម្បី​បញ្ជាក់ពីគោល​ជំហរ​របស់ទីក្រុង​វ៉ាស៊ីនតោន ក្នុងបន្ត​ធ្វើជាខែលនុយក្លេអ៊ែរការពារ​កូរ៉េខាងត្បូង ប្រឈមមុខ​នឹងការគំរាមកំហែង​ពីសំណាក់​កូរ៉េខាងជើង។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មាន​យ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក ជែម ម៉ាតទីស បានធ្វើដំណើរមកដល់​មូលដ្ឋានទ័ពអាកាស​អូសាន (Osan​) នៃតំបន់ព្យុងតេក (Pyeongtaek) ស្ថិតនៅចំងាយ​៧០គីឡូម៉ែត្រ​ពីទីក្រុងសេអ៊ូល នៅម៉ោងប្រមាណ ១២៖៣០នាទីថ្ងៃត្រង់ (ម៉ោងនៅក្នុង​ទីក្រុងសេអ៊ូល)។ ដោយឡែក​បើតាមកម្មវិធី​នៃដំណើរ​ទស្សនកិច្ច លោក ម៉ាតទីស នឹងបន្ត​ធ្វើ​ដំណើរទៅកាន់​ទីបញ្ជាការ​កងទ័ពអាមេរិក​ប្រចាំ​កូរ៉េខាងត្បូង ក្នុងតំបន់​យ៉ុងសាន(​Yongsan) ជាទីដែល​លោកនឹង​ត្រូវស្ដាប់ការ​ពន្យល់​ពី​ស្ថានភាព​ក្នុងឧបទ្វីបកូរ៉េ នាពេលបច្ចុប្បន្ន​ក្នុងនោះ រួមមាន​ទាំងការ​ព្រមាន​បាញ់​សាកល្បង​មីស៊ីល​ផ្លោង​អន្តរទ្វីប​ ICBM ពីសំណាក់របប​ដឹកនាំ​ទីក្រុងព្យុងយ៉ាង ជាពិសេស​នោះគឺគំរោង​ដាក់ពង្រាយ​ប្រព័ន្ធខែល​ការពារ​មីស៊ីល THAAD ​នៅលើ​ទឹកដីកូរ៉េខាងត្បូង​ជាដើម ដែលកំពុង​ធ្វើឱ្យចិនក្ដៅ​ក្រហាយកើត​ទុក្ខមិន​សុខចិត្ត។

គួរបញ្ជាក់ថា​នៅថ្ងៃសុក្រ​ស្អែកនេះ លោក ជែម ម៉ាតធីស នឹងត្រូវ​ជួបពិភាក្សា​ដាច់ដោយឡែក ជាមួយ​ប្រធានាធិបតី​ស្ដីទី លោក វ៉ាង ក្យូអាន់ (Hwang Kyo-ahn) និង​រដ្ឋមន្រ្តីការ​បរទេស​លោក យ៉ុន ប៊ីយ៉ុងសេ (Yun Byung-se) លើបញ្ហាកម្មវិធី​នុយក្លេអ៊ែរ​ និងមីស៊ីល​កូរ៉េខាងជើង​មុននឹង​លោកត្រូវ​បន្តទស្សកិច្ច​ទៅកាន់ប្រទេសជប៉ុន៕