(សេអ៊ូល)៖ លោក មូន ជែអ៊ីន (Moon Jae-In) អតីតប្រធាន​គណបក្សមីនជូ (Minjoo Party) ដែលជា​បក្សប្រឆាំង​ដ៏ធំជាងគេបំផុត​នៅ​ប្រទេស​កូរ៉េ​​ខាង​ត្បូង​ នៅតែបន្តរក្សា​លេខរៀង​កំពូលដដែល បន្ទាប់ពីអតីត​អគ្គលេធិការ​នៃអង្គការ​សហប្រជាជាតិ​លោក បាន គីមូន បាន​ប្រកាសថា​នឹងមិន​ចូលរួម​ប្រកួតប្រជែង​ក្នុងការឈរ​ឈ្មោះ​បោះឆ្នោត ដើម្បីដណ្តើម​យកតំណែង​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង​ថ្មីនោះ។ នេះបើតាម​ការចេញ​ផ្សាយដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះ​បន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាមការ​ស្ទង់មតិមួយរបស់ Realmeter ទៅតាមសំណើ​របស់សារព័ត៌មាន​កូរ៉េខាងត្បូង Maeil Business នាថ្ងៃពុធ​សប្តាហ៍នេះ ដែល​ត្រូវធ្វើ​ឡើងចំពោះ​អ្នកចូលរួម​ចំនួន​១,០០០នាក់ ដើម្បីឆ្លុះបញ្ចាំង​ពីការដកខ្លួន​ចេញរបស់​លោក បាន គីមូន អតីតមេបក្ស​មីនជូ​ទទួលបាន​សំឡេង​គាំទ្រចំនួន​២៥.៥ភាគរយ ដោយបានវ៉ាដាច់គូ​ប្រកួត​ដទៃៗទៀត​យ៉ាងឆ្ងាយ។

ដោយឡែកការស្ទង់​មតិមួយផ្សេង​ទៀត ដែលត្រូវ​បាន​ធ្វើ​ឡើង​ដោយ Realmeter នៅថ្ងៃដដែល​ទៅតាមស្ថានីយ​ទូរទស្សន៍ JTBC បានបង្ហាញ​ថា​ លោក មូន ជែអ៊ីន ជាប់ចំណាត់​លេខមួយ​ក្នុងនាម​ជាមេដឹកនាំ​កំពូលថ្មី​របស់កូរ៉េខាងត្បូង ជាមួយនិង​សំឡេង​គាំទ្រ២៦.១ភាគរយ ខណៈគូប្រជែង​ផ្សេងៗទៀត​ទទួលបាន​សំឡេងគាំទ្រ​យ៉ាង​ច្រើន​ត្រឹមជាង​១០ភាគរយ​តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា លោក បាន គីមូន ដែលបាន​បញ្ជាក់អាណត្តិ​ទីពីរ​នៃតំណែង​ជាប្រមុខដឹកនាំ​កំពូលអង្គការ​សហប្រជាជាតិ​កាលពី​ចុងឆ្នាំ​​២០១៦​កន្លង​ទៅនោះ បានវិលត្រឡប់​មកកាន់មាតុ​ប្រទេសវិញ​កាលពីបី​សប្តាហ៍មុន ហើយលោក​ត្រូវបាន​ប្រជាជន​កូរ៉េខាងត្បូង​ចាត់​ទុកថា​ ជាបុគ្គល​មួយរូបសម្រាប់​តំណែងជា​ប្រធានាធិបតី ប៉ុន្តែនៅ​ថ្ងៃពុធម្សិលមិញ​នេះលោក បាន គីមូន បានប្រកាសដក​ខ្លួនចេញដោយ​លោកថានឹង​មិនចូលរួម​ប្រកួត​ប្រជែង ដើម្បីដណ្តើម​យកតំណែង​នេះឡើយ៕​