(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋ​មន្ត្រីអូស្ត្រាលី លោក ម៉ាល់ខុម ធឺនប៊ូល (Malcolm Turnbull)​ ​បានតឹងសសៃក​ដាក់គ្នា​នៅពេលនិយាយ​ដល់រឿង​កិច្ចព្រមព្រៀង​ស្ដីពី​ជនភៀសខ្លួន​រវាងប្រទេស​ទាំងពីរ នៅក្នុងអំឡុងពេល​នៃកិច្ចសន្ទនា​តាមទូរស័ព្ទនាពេលថ្មីៗ​នេះ។ នេះបើ​តាម​សេចក្ដីរាយការណ៍​របស់កាសែត Washington Post​ ដកស្រង់​ដោយ​សារព័ត៌មាន Channel News Asia​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាម​កាសែត Washington Post លោក ដូណាល់ ត្រាំ បានដាក់​ទូរស័ព្ទចុះភ្លាមៗ ជាមួយ​លោក​នាយករដ្ឋមន្ត្រីអូស្ត្រាលី បន្ទាប់ពី​បានជជែកគ្នា​ស្ដីពី​កិច្ច​ព្រមព្រៀង​ជនភៀសខ្លួន រវាងប្រទេស​ទាំងពីរ។ ចំពោះការលើក​ឡើងនេះ​ដែរ លោក ម៉ាល់ខុម ធឺនប៊ូល នៅថ្ងៃ​ព្រហស្បតិ៍នេះ បានបដិសេធ​មិនធ្វើអត្ថា​ធិប្បាយនៅពេលអ្នកសារព័ត៌មានសួរបញ្ជាក់ថា​ តើព័ត៌មាន​ខាងលើគឺជា​ការពិត ឬក៏យ៉ាងណា  ដោយលោក​គ្រាន់តែ​បានបញ្ជាក់ថា​ ទំនាក់ទំនងរវាង​សហរដ្ឋអាមេរិក និងអូស្ត្រាលីនៅតែរឹងមាំ។

លោក ធឺនប៊ូល បានឱ្យដឹងដូច្នេះថា «ខ្ញុំពេញចិត្ត​ចំពោះចំណាប់​អារម្មណ៍​របស់អ្នក ក៏ប៉ុន្តែវា​ល្អជាង​អ្វី​ដែលអ្នក​កំពុងគិត ត្បិតកិច្ច​សន្ទនានោះ​ធ្វើឡើង​ដោយភាពស្មោះត្រង់ ​និងជាលក្ខណៈ​ឯកជន ហើយខ្ញុំ​អាចធានា​ចំពោះអ្នក​បានថា​ ទំនាក់ទំនង​រវាងប្រទេសទំាងពីរ​នៅតែរឹងមាំ​ជា​ទីបំផុត»។​

គួររំលឹកថាកាលពីថ្ងៃចន្ទកន្លងទៅ លោក ម៉ាល់ខុម ធឺនប៊ូល បាននិយាយថា លោក ដូណាល់ ត្រាំ យល់ព្រម​ទទួលយកកិច្ចព្រៀង​ក្រោមរដ្ឋបាល​លោក បារ៉ាក់ អូបាម៉ា ដើម្បីតាំង​ទីលំនៅថ្មី​សម្រាប់ជនភៀស​ខ្លួន​ក្នុងចំនួន​មិនជាក់លាក់ នៃជនភៀស​ខ្លួនជាង​១,៦០០នាក់ នៅឯមជ្ឈមណ្ឌល​ទទួលជនភៀសខ្លួន​លើកោះណូរុ និង ប៉ាពួរញូហ្គីណេ (Papua News Guinea)​។ ប៉ុន្តែនៅពេលនេះគេមានការព្រួយបារម្ភថាវានឹងអាចលុបចោល ដោយសារតែលោក ដូណាល់ ត្រាំ បានបង្ហាញសញ្ញាមិនស្រួល តាមរយៈនយោបាយរារាំងជនភៀសខ្លួន៕