(​អាប៊ូដាប៊ី)៖ រដ្ឋមន្ត្រីការ​បរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយថា ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ ដូណាល់ ត្រាំ គួរតែបញ្ជាក់ឱ្យ​បានច្បាស់លាស់ពីសំណើរបស់ខ្លួន​ ពាក់ព័ន្ធនឹង​ការបង្កើតតំបន់​សន្តិសុខ​នៅក្នុង​ប្រទេស​ស៊ីរី ហើយថែមទំាង​បញ្ជាក់ផងដែរថា ការអនុវត្តន៍​នយោបាយដូច​ដែលធ្លាប់បានធ្វើ​នៅក្នុងប្រទេសលីប៊ី គឺជាសោកនាដកម្ម។ នេះបើតាម​ការចេញ​ផ្សាយដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៧។

ការលើកឡើងបែបនេះរបស់ លោក Sergei Lavrov ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយ​សមាភាគី​ អេមីរ៉ាត់ អារ៉ាប់រួម (United Arab Emirates) លោក Abdullah bin Zayed Al Nahyan នៅក្នុងទីក្រុងអាប៊ូដាប៊ី នៅថ្ងៃពុធសប្ដាហ៍នេះ។ លោក Lavrov បានបញ្ជាក់ដូច្នេះថា «លោកពិត​ជា​សង្ឃឹមថា​រុស្ស៊ី នឹងអាចមានការពិភាក្សាគ្នាជាមួយក្រសួង​ការបរទេស​អាមេរិក ដើម្បីទទួល​បានព័ត៌មាន​បន្ថែម និងកាន់តែជាក់លាក់ ស្ដីពីគំរោង​បង្កើតតំបន់​សន្តិសុខ​នៅក្នុងប្រទេស​ស៊ីរី​របស់ លោក ដូណាល់ ត្រាំ ខណៈលោកផ្ទាល់​មិនជឿឡើយថា​ ប្រធានាធិបតី​អាមេរិកថ្មី​រូបនេះ នឹងអនុវត្តន៍​​គោលនយោបាយ​ដូចគ្នា​ដែលធ្លាប់បានប្រើ​ នៅក្នុងប្រទេសលីប៊ី កាលពីឆ្នាំ២០១១ ត្បិតវា​បានបង្កជា​សោកនាដកម្ម​ដល់ប្រជាជន​លីប៊ី រហូតមកទល់​ពេល​បច្ចុប្បន្ន»

គួរបញ្ជាក់ថា កាលពីចុងឆ្នាំ២០១៦កន្លងទៅ លោក ដូណាល់ ត្រាំ ធ្លាប់បានបង្ហើបពី​គំរោងបង្កើត​តំបន់សន្តិសុខ នៅក្នុងប្រទេស​ស៊ីរី ហើយមិនតែប៉ុណ្ណោះ​សារព័ត៌មាន អាមេរិក​មួយចំនួន​ក៏បានរាយការណ៍ដែរថា លោក ត្រាំ នឹងបង្ខំ​ឱ្យបណ្ដាប្រទេស​ក្នុងតំបន់​ឈូងសមុទ្រហ្គូល ចេញថ្លៃ​ចំណាយលើ​គំរោងនេះ៕