(វ៉ាស៊ីនតោន)៖ អតីតនាយកប្រតិបត្តិ​ក្រុមហ៊ុនប្រេង Exxon Mobil លោក ​រិច ធាល្លឺសុន (Rex Tillerson) បានស្បថចូលកាន់​តំណែងរដ្ឋមន្ត្រី​ការបរទេស​អាមេរិកជាផ្លូវការ​ហើយ​ នៅល្ងាចថ្ងៃពុធសប្តាហ៍នេះ​បន្ទាប់ពី​ការ​តែងតាំង​រូបលោក​​ត្រូវបានព្រឹទ្ធ​សភា​​អនុម័ត​ទទួល​ស្គាល់។ នេះបើ​តាមការចេញផ្សាយ​​ដោយ​​សារព័ត៌មាន CNN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៧។

​ថ្លែងនៅក្នុង​ឱកាសពិធីស្បថ​ចូលកាន់តំណែង​នោះដែរ នៅឯ​សេតវិមាន លោក ដូណាល់ ត្រាំ បាននិយាយថា «វាជាពេល​វេលាត្រូវផ្ដោតសំខាន់​លើកិច្ចការ​បរទេស ហើយយើង​ទាំងអស់គ្នា​នឹងធ្វើបានល្អជាងមុន​ នៅពេល​ដែលយើងធ្វើ​សកម្មភាព​រួមគ្នាដោយគ្មានជម្លោះ ដើម្បីដោះស្រាយ​ជម្លោះដូចយើង​កំពុងឃើញ​សព្វថ្ងៃ ដែលជា​រឿង​គួរឱ្យ​សោកស្ដាយ​ជាទីបំផុត»

គួរបញ្ជាក់ថា លោក ​រិច ធៀលលឺសុន ត្រូវបានព្រឹទ្ធសភា​អាមេរិកបោះឆ្នោត​អនុម័តទទួលស្គាល់​ជារដ្ឋមន្ត្រី​ការបរទេស​អាមេរិកថ្មី​ជំនួស​លោក ចន ឃើរី ដោយសំឡេងគំាទ្រ ៥៦ទល់នឹង៤៣សំឡេង ខណៈព្រឹទ្ធ​សមាជិក​មកពីគណបក្ស​ប្រជាធិបតេយ្យ​ភាគច្រើន បានបោះឆ្នោត​ជំទាស់ ដោយសារ​ពួកគេ​នៅតែមាន​មន្ទិលសង្ស័យ​ជុំវិញទំនាក់ទំនង​រវាងរូបលោក​ ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ ជាងនេះទៅទៀត​ព្រឹទ្ធសមាជិកទាំងនេះ ក៏បានបង្ហាញពី​គោលជំហរ ប្រឆាំងផងដែរ​នឹងបេក្ខភាព​គណរដ្ឋមន្ត្រី​ជាច្រើនរូប របស់លោក ដូណាល់ ត្រាំ ជាពិសេនោះ​គឺការតែងតាំង អ្នកអភិរក្ស​និយម​លោក ណែល ហ្គ័គស៊ូស (Neil Gorsuch) ជា​ចៅក្រមតុលាការ​កំពូល​តែម្ដង៕