(ម៉ូស្គូ)៖ ដោយសារតែ​ពុំសូវមានមនុស្សរស់​នៅច្រើន រដ្ឋាភិបាលរុស្ស៊ីបានជំរុញ​លើក​ទឹក​ចិត្ត​​ប្រ​ជា​ជន​របស់​ខ្លួនឲ្យ​ទៅ​រស់​នៅ​​តំបន់​ភាគ​កើត​​ប្រទេសវិញ ដោយចាប់ពី​ថ្ងៃពុធនេះតទៅពលរដ្ឋរុស្ស៊ី​ទាំងអស់នឹង​មានសិទ្ធិគ្រប់គ្រាន់​ដើម្បីដាក់ពាក្យ​ស្នើសុំយក​ដី​ធ្លី​រហូតដល់​ទំហំ​មួយ​ហិកតា​នៃផ្ទៃដីទំនេរ​នៅឯតំបន់ភាគ​ខាងកើតដ៏ធំល្វឹងល្វើយ​នោះ។ នេះបើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិច​​នារសៀល​ថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៧។

សព្វថ្ងៃប្រជាជន​រុស្ស៊ីភាគច្រើនបានប្រមូលផ្តុំគ្នា​ រស់នៅភាគកណ្តាល និងជាពិសេសភាគ​ខាងលិចប្រទេស​តែម្តង​ជុំវិញ​ទីក្រុងម៉ូស្គូ ដែលស្ថិតនៅ​​ក្បែរបណ្តា​ប្រទេសអឺរ៉ុប ហើយស្របពេល​ដែលប្រទេសទាំង​នោះ​​នៅ​តែ​បន្ត​​ដាក់​ពង្រាយ​កង​កម្លាំង​​យោ​ធា​​នៅ​តំបន់​អឺរ៉ុប​​ខាង​កើត​ ជិតនឹង​ព្រំ​ដែន​​រុស្ស៊ីនោះ រដ្ឋាភិបាលរុស្ស៊ី​ទំនងជាបាន​បង្កើតច្បាប់ថ្មី​ខាងលើ​ សំដៅទាក់ទាញ​ឲ្យមាន​មនុស្ស​ជាច្រើន ងាកទៅ​តាំងទីលំនៅ​នៅ​​ឯតំបន់​​​ភាគ​កើត​ប្រទេស​ដែលមានលក្ខណៈ​ដាច់ស្រយាល​បន្តិចវិញ និងជួយរួមគ្នា​អភិវឌ្ឍន៍តំបន់នោះ​ឲ្យមានសក្តានុពល​ផងដែរ ព្រោះ​ថា​វា​​គឺ​ជា​ទី​តាំង​ភូមិ​សាស្រ្ត​ដ៏ល្អមួយ ដែលមានព្រំប្រទល់​ជាប់ចិន និងកូរ៉េខាងជើង ក៏ដូចជាជាជប៉ុន​និងរដ្ឋអាឡាស្ការបស់អាមេរិក​ជាដើម។

គួរបញ្ជាក់ថាបើគិតពីចំនួន​ប្រជាជនប្រទេសរុស្ស៊ី​ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ​០៩​លើពិភពលោក​ជាមួយចំនួន​សរុប​ជាង​ ១៤៣.៥លាននាក់​ ហើយយើង​តាមស្ថិតិ​កាលពីឆ្នាំ២០១០ នៅតំបន់ភាគកើត​ដ៏ធំល្វឹងល្វើយជា​ទីបំផុតនេះមាន​មនុស្សរស់នៅ​ តែជាង០៦លាននាក់​ប៉ុណ្ណោះ​ដែល​ភាគច្រើនជាជនជាតិ​ភាគតិចរុស្ស៊ី​ និងអ៊ុយក្រែន ហើយ​នា​ពេលនោះ​វាត្រូវបានគេព្យាករណ៍​ថានឹងចំនួនប្រជាជនរស់នៅទីនោះ នឹង​បន្ត​ថយចុះ​​បន្ថែម​ទៀត​រហូតដល់​ជាង​០៤​លាន​នាក់​​នៅ​ឆ្នាំ២០១៥កន្លងទៅ ដែលប្រការ​នេះបានធ្វើតំបន់​ភាគ​ខាង​កើត​​ប្រ​ទេស​រុស្ស៊ី​​ស្ថិត​នៅ​ក្នុង​ចំណោម​​តំបន់​ដែលខ្សត់​ប្រជាជន​រស់​នៅ​​បំផុត​នៅ​ទូ​ទាំង​​សកលលោក។

បន្ថែមពីលើការប្រកាសទាក់ទាញប្រជាជនឲ្យមករស់នៅភាគខាងកើតនេះ រុស្ស៊ីនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏បានរៀបចំមូលដ្ឋានយោធាច្រើនរួចមកហើយ នៅភាគខាងកើតប្រទេសដែលជាការពង្រីកវិសាលភាព​យោធាថ្មីរបស់រុស្ស៊ី ដើម្បីការពារគ្រប់ទីតាំងទាំងអស់នៅក្នុងទឹកដីដ៏ធំបំផុតលើពិភពលោកមួយនេះ៕​