(ម៉ិចស៊ីកូ)៖ ទីបំផុតប្រធានាធិបតី​អ៊ីស្រាអែល លោក Reuven Rivlin បានចេញមុខ​សូមអភ័យទោស​ពី​ប្រទេស​ម៉ិចស៊ីកូ ជំនួសឲ្យនាយករដ្ឋមន្ត្រីលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ ចំពោះជំហរ​អបអរសាទរ​ផែនការ​កសាងជញ្ជាំង​ព្រំដែន​របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានបង្ខំឲ្យប្រទេស​ម៉ិចស៊ីកូ​ចេញលុយទាំងស្រុងនោះ។ នេះបើតាមការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិច នាព្រឹកថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៧។

នៅក្នុងកិច្ចសន្ទនារវាងលោក Reuven ជាមួយនឹងប្រធានាធិបតីម៉ិចស៊ីកូ លោក ផេណា នាតូ ប្រធានធិបតី​អ៊ីស្រាអែលរូបនេះបានសូមអភ័យទោស​ចំពោះការបំផ្លាញ​ទំនាក់ទំនងរវាង​ប្រទេសទាំងពីរ ហើយប្រទេស​អ៊ីស្រាអែល​ប្តេជ្ញាស្តារទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​នានាឡើងវិញ ដើម្បីបន្ត​មិត្តភាពដ៏យូរអង្វែង​រវាងប្រទេសដែលធ្លាប់ជាមិត្តជិតស្និទ្ធនឹងគ្នានេះ។ នេះបើតាម​សេចក្តីថ្លែងការណ៍​របស់ក្រសួងការបរទេស​ម៉ិចស៊ីកូ នៅថ្ងៃអង្គារ (ម៉ោងនៅទីក្រុងម៉ិចស៊ីកូ)។

គួរបញ្ជាក់ថាប្រទេសម៉ិចស៊ីកូបានជំទាស់​យ៉ាងដាច់ខាត ចំពោះការទះដៃ​អបអរសាទរ​របស់នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ ដែលជា​ការសម្តែងការគាំទ្រ​ចំពោះគំរោង​កសាងជញ្ជាំងព្រំដែន របស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកថ្មីនោះ។

ការជំទាស់យ៉ាងខ្លាំងក្លាខាងលើនេះ ធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសម៉ិចស៊ីកូ លោក Luis Videgaray ដោយរដ្ឋាភិបាលម៉ិចស៊ីកូ ថែមទាំងបាននិយាយថាទៀត «នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណឺតាន់យ៉ាហ៊ូ គួរតែសូមទោសម៉ិចស៊ីកូ»។ ម៉ិចស៊ីកូ​បានប្រាប់រដ្ឋាភិបាអ៊ីស្រាអែល​ ឲ្យគិតគូរឡើងវិញ​ជុំវិញជំហរគាំទ្រ​គំរោងរបស់​អាមេរិកនេះ ពីព្រោះតែវាកំពុងតែបង្ក​បញ្ហាយ៉ាងខ្លាំង​ជុំវិញបញ្ហាព្រំដែន។

លោក Videgaray បានលើកឡើងយ៉ាងដូច្នេះថា «ម៉ិចស៊ីកូ គឺជាមិត្តជិតស្និទ្ធរបស់អ៊ីស្រាអែល ហើយការលើក​ឡើងរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនោះ គឺជារឿងដែលគ្មានភាពទទួលខុសត្រូវឡើយ»។ គួរបញ្ជាក់ថា​កាលពីចុងសប្តាហ៍មុន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​បានសម្តែងការគាំទ្រចំពោះ​សេចក្តីសម្រេច​របស់លោក ដូណាល់ ត្រាំ ដែលចង់ធ្វើការកសាងជញ្ជាំង​ព្រំដែនជាមួយ​ម៉ិចស៊ីកូ ដោយឲ្យប្រទេសនេះ​ចេញលុយទាំង​ស្រុង​ដើម្បីទប់ស្កាត់​បញ្ហានានា ដូចជាជនភៀសខ្លួន និងឧក្រិដ្ឋជនគ្រឿងញៀនជាដើម។

ប្រការនេះបានបង្កភាពក្តៅប្រហាយយ៉ាងខ្លាំងសម្រាប់ប្រទេសម៉ិចស៊ីកូ ដែលឈានដល់ថ្នាក់លុបចោល​ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីលោក ផេណា នាតូ ទៅកាន់អាមេរិកទៀតផង៕