(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសមាជិក​មកពីគណបក្ស​ប្រជាធិបតេយ្យ បានធ្វើពហិការក៏ដូចជាពន្យាពេល​លើការបោះឆ្នោត​ទទួលស្គាល់​ មន្ត្រីខុទ្ទកាល័យជាច្រើននាក់ របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ក្នុងនោះរួមមាន​ទាំង​អគ្គរដ្ឋ​​អាជ្ញាថ្មី លោក Jeff Sessions ដោយអះអាង​ថា​ ការតែងតាំង​អ្នកទាំងនេះ​គួរតែត្រូវបានបញ្ជាក់យ៉ាងស៊ីជំរៅ​ជាមុនសិន ខណៈខាង​គណបក្ស​សាធារណរដ្ឋ បានចោទប្រកាន់​ថា​ ការសម្រេចចិត្ត​ពន្យាពេល​បោះឆ្នោត គឺមិនមាន​ហេតុផល​សមរម្យទាល់​តែសោះ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia​ នៅព្រឹក​ថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៧។

នៅថ្ងៃអង្គារសប្តាហ៍នេះ ព្រឹទ្ធសមាជិកមកពីគណបក្សប្រជាធិបតេយ្យ បានសម្រេចចិត្ត​ពន្យាពេលរហូត​ដល់ថ្ងៃពុធ លើការបោះឆ្នោត​ទទួលស្គាល់​លោក Jeff Sessions ជាអគ្គរដ្ឋអាជ្ញាថ្មី (រដ្ឋមន្រ្តីក្រសួងយុត្តិធម៌) ដែលត្រូវបានលោក​ ដូណាល់ ត្រាំ តែងតំាងភ្លាមៗ បន្ទាប់ពីលោក​បានបណ្ដេញអគ្គរដ្ឋអាជ្ញាស្ដីទី លោកស្រី Sally Yates ​ចេញពីតំណែងដោយសារតែរឿងប្រឆាំងការ​អនុវត្តតាមបទបញ្ជាប្រធានាធិបតី​ស្ដីពី​ជនភៀសខ្លួន និងការហាមឃាត់ប្រជាជនមកពីប្រទេស អ្នកកាន់សាសនាអ៊ីស្លាម​ភាគច្រើនចំនួន០៧ ចូលក្នុងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា​គណបក្សប្រជាធិបតេយ្យ ក៏បានធ្វើពហិការ​ចូលរួម​ក្នុងកិច្ចប្រជុំ​នៃគណៈកម្មាធិការ​ហិរញ្ញវត្ថុ​ព្រឹទ្ធសភា​ផងដែរ​ ជាទីដែលពួកគេត្រូវ​បានបោះឆ្នោតគាំទ្រ លោក Steve Mnuchin ជារដ្ឋមន្ត្រីរតនាគារជាតិ និងលោក Tom Price ជារដ្ឋមន្ត្រីសុខាភិបាលអាមេរិក៕