(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ បាន​ធ្វើ​សេច​ក្តី​ប្រកាស​នៅ​ចំពោះមុខ​ក្រុមអ្នកសារព័ត៌មានថា​ រូបលោក​បានជ្រើសរើស​យកលោក នាល ហ្គរសុច (Neil Gorsuch) ឲ្យ​ធ្វើ​​ជា​បេក្ខភាព​​សម្រាប់​តំណែង​ជា​ប្រធាន​តុលា​ការ​កំពូល​របស់​សហ​រដ្ឋ​អា​មេ​រិក។ នេះបើ​តាមការចេញផ្សាយ​ដោយ​​សារព័ត៌មាន Channel News Asia នៅ​មុន​នេះ​បន្តិច​នា​ព្រឹក​ថ្ងៃ​ពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៧។

ការសម្រេចចិត្ត​ជ្រើសរើស​យក​ចៅក្រម​សាលាឧទ្ធរណ៍​សហព័ន្ធ​ ដែលមានវ័យ៤៩ឆ្នាំនេះ គឺលោក​ប្រធានាធិបតី​អាមេរិក​សង្ឃឹមថា​ នឹង​អាច​ស្តារ​ឲ្យអភិរក្ស​និយម​មតិ​ភាគច្រើន​ឡើងវិញ​នៅក្នុង​តុលាការ​កំពូល និងជួយរៀបចំក្បួនច្បាប់ដើម្បីស្តីពីបញ្ហាដ៏សំខាន់ៗរួមមាន ការរំលូតកូន ​ការគ្រប់​គ្រង​ការប្រើប្រាស់​អាវុធ​នៅក្នុងប្រទេស ការកាត់ទោស​ប្រហារជីវិត និងសិទ្ធិសាសនា​ជាដើម។

គួរបញ្ជាក់ថាលោក Neil Gorsuch គឺជាបេក្ខជន​ដែលមានអាយុតិច​ជាងគេបំផុត​សម្រាប់តំណែង​ប្រធានតុលាការ​កំពូល​របស់​សហរដ្ឋអាមេរិក នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ហើយលោកដូណាល់ ត្រាំ សង្ឃឹមថា​ក្រុមបក្ស​ប្រជាធិបតេយ្យ​ និងក្រុមបក្ស​សាធារណរដ្ឋ​អាច​មូលគំនិតគ្នា​លើការ​សម្រេចចិត្ត​ជ្រើសរើសនេះ​ ដើម្បីតែផល​ប្រយោជន៍ល្អ​របស់ប្រទេសជាតិ៕