(ម៉ានីល)៖ អង្គការលើកលែង​ទោសអន្តរជាតិ «Amnesty International» ផ្អែកលើរបាយការណ៍​ស៊ើបអង្កេត​របស់ខ្លួនបានឲ្យដឹងថា ប៉ូលិសហ្វីលីពីនទំនងជា​បានប្រព្រឹត្តបទឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ តាមរយៈ​ការសម្លាប់​ជនសង្ស័យ​ជួញដូរ​ ឬប្រើប្រាស់​គ្រឿងញៀន​រាប់ពាន់នាក់ នៅក្នុងក្រប​ខ័ណ្ឌនៃសង្រ្គាម ប្រឆាំង​គ្រឿងញៀន​របស់ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ។ នេះបើ​តាមការ​ដកស្រង់​សម្ដី​ដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាម​របាយការណ៍​ដដែល Amnesty International ក៏បានបញ្ជាក់ផងដែរ​ពីបទឧក្រិដ្ឋ​ផ្សេងទៀត របស់ប៉ូលិស​ហ្វីលីពីន ជុំវិញការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ​ ដែលមានគោលដៅ​ជាចម្បងទៅ​លើជនក្រីក្រ។ ដោយឡែកជុំវិញ​បញ្ហានេះ​ដែរ ថ្លែងប្រាប់ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP មន្ត្រីជាន់ខ្ពស់ នៃអង្គការអន្តរជាតិមួយនេះ លោក Rawya Rageh បានគូសបញ្ជាក់ថា «ប៉ូលិសហ្វីលីពីន និងឃាតករ​មួយចំនួនបានដាក់គោលដៅ​ទៅលើអ្នកជាប់សង្ស័យថា​បានប្រើប្រាស់ ឬក៏ជួញដូរ​គ្រឿងញៀន»។ បន្ថែមពីនេះទៀតបើតាមការស៊ើបអង្កេត​របស់អង្គការខាងលើ ចរន្ដនៃការសម្លាប់​មនុស្សក្រៅប្រព័ន្ធ​តុលាការ ត្រូវបានប្រព្រឹត្ត​ឡើងដោយឆន្ទៈ និងមានលក្ខណៈជាប្រព័ន្ធ ព្រមទាំង​អាចមានផងដែរ​នូវការប្រព្រឹត្តបទឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ។

គួរបញ្ជាក់ថាក្នុងរយៈពេលជាង៧ខែ នៃការឡើងកាន់តំណែង​របស់លោក ឌូតើតេ មនុស្ស​ប្រមាណ ២,៥៥៥នាក់ហើយត្រូវបានសម្លាប់ (របាយការណ៍ពីប៉ូលិសហ្វីលីពីន) ខណៈអង្គការ​សង្គមស៊ីវិល​​ជាច្រើន​ធ្លាប់បាន​រាយការណ៍ថា មនុស្សជិត៤,០០០នាក់ឯណោះបានស្លាប់ដោយ​គ្មានការបកស្រាយ​ ក្នុងសង្រ្គាមប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៅហ្វីលីពីន ចាប់តាំងពីចុងខែមិថុនា ឆ្នាំ២០១៦៕