(អង់គ្លេស)៖ ជាសកម្មភាពឆ្លើយតបទៅនឹងបំរាមទប់ស្កាត់​ជនភៀសខ្លួនចូល​ទឹកដីអាមេរិកនោះ ប្រជាជន​អង់គ្លេស​សរុបជាង ១លាននាក់ហើយ បានចុះហត្ថលេខា​រួមគ្នាលើ​ញត្តិមួយ ដើម្បីរារាំង​ដំណើរ​ទស្សនកិច្ច​របស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីថ្មី​របស់អាមេរិក ដែលគ្រោង​ធ្វើដំណើរមកកាន់ចក្រភពអង់គ្លេស។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន BBC នាល្ងាចថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០១៧។

គួរបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់លោក ត្រាំ ដែលគ្រោងមកកាន់​ចក្រភពអង់គ្លេស​នេះ ត្រូវបាន​ប្រកាស​ដោយ​លោក​ស្រី ធេរ៉េសា ម៉ាយ ដែលទើប​បញ្ចប់​ទស្សនកិច្ច​នៅអាមេរិក។ ប្រជាជន​អង់គ្លេស​ដែលកំពុងតវ៉ា​ជុំវិញ​រឿង​ដំណើរទស្សន​កិច្ចនេះ បានស្នើឲ្យរដ្ឋាភិបាលអង់គ្លេសលុបចោលតែម្តង ដោយពួក​គេកំពុងសម្តែង​ការប្រឆាំង​​ទៅនឹងបទបញ្ជា​របស់លោក ត្រាំ ដែលកំពុងរារាំង​ជនភៀសខ្លួនជាន់​ទឹកដីអាមេរិក​ជាបណ្តោះ​អាសន្នរយៈពេល ១២០ថ្ងៃ និងហាម​ប្រជាជន​ពីបណ្តាប្រទេស​ម៉ូស្លីមចំនួន ០៧ ជាន់ទឹកដីសហរដ្ឋអាមេរិក​ក្នុងរយៈពេល៩០ថ្ងៃ។

គួរបញ្ជាក់ថាអ្នកជំនាញមួយចំនួននៅអង់គ្លេស បានអំពាវនាវឲ្យលោកស្រីនាយករដ្ឋមន្ត្រី ម៉ាយ ពន្យាពេល​នៃដំណើរទស្សនកិច្ចរបស់លោក ត្រាំ សិនដើម្បីបន្ធូរបន្ថយស្ថានការណ៍។ ជុំវិញបញ្ហានេះរដ្ឋាភិបាល​អង់គ្លេស មិនទាន់បានបញ្ចេញប្រតិកម្ម ឬចំណាត់ការឆ្លើយតបណាមួយនោះឡើយ៕