(វ៉ាស៊ីនតោន)៖ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានបង្ហាញជំហរមិនរួញរា​របស់ខ្លួន ក្នុងការអនុវត្តន៍នយោបាយហាមឃាត់ជនភៀសខ្លួន ចូលមកក្នុង​ទឹកដីអាមេរិកជាបណ្តោះអាសន្ន បើទោះបីជាមានការជំទាស់ពីតុលាការសហព័ន្ធ និងការតវ៉ាដ៏កក្រើក​ពីក្រុមអ្នកប្រឆាំងនឹងនយោបាយ​ របស់លោកក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០១៧។

នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក ដូណាល់ ត្រាំ ឲ្យដឹងថា ការសម្រេចរបស់យើង​ស្តីអំពីទិដ្ឋាការ​នេះ គឺធ្វើឡើងសរុបតែមួយតែម្តង ដែលវាជានយោបាយ​រក្សាសុវត្ថិភាពបំផុត ប៉ុន្តែវាមិនមែនជាការហាមឃាត់ ឬរើសអើងជនម៉ូស្លីមនោះឡើយ។ គួរបញ្ជាក់ថា ការសម្រេចរបស់លោក ត្រាំ ដែលបានធ្វើឡើងតាំងពី​ថ្ងៃសុក្រ សប្តាហ៍មុននេះបានទទួលការរិះគុន និងថ្កោលទោសយ៉ាងខ្លាំងពីសំណាក់ក្រុមប្រឆាំង​របស់លោក ក៏ដូចក្រុមអ្នកការពារសិទ្ធិស៊ីវិល នៅក្នុងសហរដ្ឋអាមេរិកផងដែរ។

គួររំលឹកបណ្តាប្រទេសចំនួន ០៧ ដែលទទួលបានបម្រាមរបស់លោក ដូណាល់ ត្រាំ រយៈពេល ៩០ថ្ងៃនោះមានដូចជាតិ អ៊ីរ៉ង់, អ៊ីរ៉ាក់, លីប៊ី, សូម៉ាលី, ស៊ូដង់, ស៊ីរី, និង យ៉េមែន។ ដោយឡែកជន​ភៀសមកពីបណ្តាប្រទេសជាច្រើនទៀត ត្រូវបានហាមឃាត់មិនឲ្យចូលទឹកដីអាមេរិកក្នុងរយៈពេល ១២០ថ្ងៃ ប៉ុន្តែសម្រាប់ជនភៀសខ្លួនស៊ីរីវិញ គឺត្រូវបានហាមឃាត់ដោយគ្មានពេលកំណត់។

ចំណាត់ការក្តៅដែលបញ្ចេញដោយលោក ដូណាល់ ត្រាំ មិនបានប៉ុន្មានផង​​ឥឡូវនេះ បានបង្កើតឡើងនូវការតវ៉ាប្រឆាំងយ៉ាងកក្រើក ពីសំណាក់ជនភៀសខ្លួនមកពីបណ្តាប្រទេស​នានាដែលកកកុញ នៅព្រលានយន្តហោះអន្តរជាតិ ទូទាំងសហរដ្ឋអាមេរិក ដើម្បីប្រឆាំងទៅនឹង​បទបញ្ជាហាមឃាត់ជនភៀសខ្លួន ចូលទឹកដីអាមេរិកជាបណ្តោះអាសន្ន និងការហាមអ្នកដំណើរមកពី​ប្រទេសម៉ូស្លីមចំនួន ០៧ ជាន់ទឹកដីអាមេរិករយៈពេល ៩០ថ្ងៃ៕