(គូឡាឡាំពួរ)៖ ទូកដឹកមនុស្សចំនួន ៣១នាក់ដែលសុទ្ធសឹងជាអ្នកទេសចរមកពីប្រទេសចិន ដែលបានបាត់ដំណឹងកាលពីព្រឹកថ្ងៃអាទិត្យនេះ នៅក្នុងដែនទឹកប្រទេសម៉ាឡេស៊ី ក្រោយការចាកចេញ​ពីកំពង់ផែ Kota Kinabalu ភាគខាងកើតប្រទេសម៉ាឡេស៊ីនោះ ត្រូវបានរកឃើញ​ហើយ​បន្ទាប់ពី​ការព្យាយាមរបស់ក្រុមរុករកម៉ាឡេស៊ី ក្នុងការស្វែងរកយ៉ាង​អស់ពីលទ្ធភាព។ នេះបើតាម​ការចេញ​ផ្សាយនៅ​មុននេះបន្តិច ដោយសារព័ត៌មាន Daily Mail នាយប់ថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០១៧។

មនុស្សដែលត្រូវបានរកឃើញថា នៅរស់ទាំងអស់មានចំនួន ២៥នាក់ ដែលមានជនជាតិចិន ២៣នាក់ និង០២នាក់ទៀតជាអ្នកបម្រើការងារ និងអ្នកបើកបរទូក ខណៈមនុស្ស​០៦​នាក់ផ្សេង​ទៀតដែលបានបាត់​ខ្លួនត្រូវបានរកឃើញថា ស្លាប់០៣នាក់ហើយ ក្រោយពេលទូកទេសចរណ៍​ដែលពួកគេ​ជិះ​ បានលិចទៅក្នុង​ដែនសមុទ្រ នៃភាគខាងកើត​ ប្រទេស​ម៉ាឡេស៊ី។

គួរបញ្ជាក់ថា ក្រោយពីការបាត់ដំណឹងរបស់ទូកដឹកអ្នក​ដំណើរ​ខាងលើនេះ ក្រុមរុករករបស់ម៉ាឡេស៊ី រួមមានទាំងផ្លូវទឹក និងអាកាសបានព្យាយាមស្វែងរកក្នុង​ទំហំផ្ទៃទឹកជាង ៦០០គីឡូម៉ែត្រក្រឡា។ សម្រាប់អ្នកបាត់ខ្លួនទាំង០៣នាក់នោះគឺជាជនជាតិចិន និងអាចជាអ្នកបម្រើលើទូក ដែលក្រុមសង្គ្រោះកំពុង បន្តស្វែងរកទាំងយប់៕