(ម៉ាដាហ្គាស្កា)៖ មនុស្សយ៉ាងហោចណាស់ ៤៥នាក់បានបាត់បង់ជីវិត ក្នុងនោះរួមមានទាំងគូស្វាមី​ភរិយាថ្មី ដែលបានត្រៀមខ្លួនចូលរោងការផងដែរ ដោយសារតែរថយន្តដែលពួកគេជិះបានជ្រុលចង្កូត​ធ្លាក់ចូលទៅក្នុងទឹកទន្លេក្នុងក្រុង Anjozorobe ដែលមានចម្ងាយ ៩០គីឡូម៉ែត្រភាគឦសាននៃ រដ្ឋធានី Anjozorobe របស់ប្រទេសដីកោះម៉ាដាហ្គាស្កា ក្នុងតំបន់អាហ្វ្រិកខាងកើត។ នេះបើតាមការចេញ​ផ្សាយដោយ​ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០១៧។

អភិបាលក្រុង Anjozorobe បានប្រាប់ស៊ិនហួរតាមទូរស័ព្ទដូច្នេះថា «មនុស្សដែលបានស្លាប់ទាំង​៤៥នាក់នោះ រួមមានកុមារ ០៩នាក់, ស្ត្រី ២៧នាក់, និងបុរស០៩នាក់ ខណៈមនុស្ស២៤នាក់​ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល។ រថយន្តឡូរីបានដឹកមនុស្សសរុប៧០នាក់ មានទាំងសាច់​ញាតិ របស់គូស្វាមីភរិយាថ្មីផងដែរ ដែលពេលមកដល់ចំណុចស្ពានមួយ វាក៏ជ្រុលចង្កូតធ្លាក់​ចូលក្នុងទន្លេតែម្តង»

គួរបញ្ជាក់ថាសម្រាប់មូលហេតុ​ ដែលបណ្តាលឲ្យកើតរឿងរ៉ាវដ៏អកុសល្យនេះឡើង នៅមិនទាន់មានការ​បញ្ជាក់នោះឡើយ ខណៈតៃកុងឡានក៏បានស្លាប់ផងដែរ។ តំបន់ដាច់ស្រយាល​នៃប្រទេសម៉ាដាហ្គាស្កា​ ផ្លូវថ្នល់មានសភាពទ្រុឌទ្រោម និងខូចខាតខ្លាំង ដែលជាហេតុនាំឲ្យគ្រោះថ្នាក់ចរាចរណ៍​កើតមានឡើងជារឿយៗ៕