(វ៉ាស៊ីនតោន)៖ ក្រោយពីមានភាពប្រឈមមុខដាក់គ្នលើបញ្ហាកសាងជញ្ជាំងព្រំដែននោះ លោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីអាមេរិកថ្មីទើបឡើងកាន់តំណែងបានមួយសប្តាហ៍ បានបន្ថយបន្ទុកលើ​ប្រទេសជិតខាងរបស់ខ្លួនគឺម៉ិចស៊ីកូ ដោយលោកចង់ឲ្យទំនិញទាំងអស់​ធ្វើការបង់ពន្ធ ២០%ទៅលើតម្លៃដើមក្នុងនាំចូលឆ្លងកាត់ព្រំដែនមក​សហរដ្ឋអាមេរិក។ នេះ​បើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មាន​ចិនស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០១៧។

អ្នកពាក្យសេតវិមានលោក ស៊ាន ស្ប៉ៃស៊ឺ បានប្រាប់ក្នុងបទសង្ខេបព័ត៌មានប្រចាំថ្ងៃព្រហស្បតិ៍ថា «ប្រធានាធិបតី​លោក ត្រាំ ចង់ឲ្យមានការយកពន្ធ​ពីការនាំចូលទំនិញ​ពីម៉ិចស៊ីកូនោះ​ទៅកសាងជញ្ជាំងព្រំដែន​​រវាង​ប្រទេស​ជិតខាងទាំងពីរ។ យើងកំពុងធ្វើការសម្រួល​ឲ្យមានកំណែទម្រង់​លើផ្នែកពន្ធ ដើម្បីកាត់បន្ថយឱនភាព​ពាណិជ្ជកម្មរបស់យើង»

គួរបញ្ជាក់ថាជុំវិញគំរោងកសាងជញ្ជាំងព្រំដែនខាងលើនេះ បានបង្ខំឲ្យប្រធានាធិបតីម៉ិចស៊ីកូ​លោក ផេណា នាតូ លុបចោលគំរោងបំពេញទស្សនកិច្ចនៅអាមេរិកនាថ្ងៃអង្គារ សប្តាហ៍ក្រោយនេះ​ទៅកាន់​រដ្ឋធានីវ៉ាស៊ីនតោន ទើបក្រោយមកប៉ុន្មានម៉ោង អ្នកនាំពាក្យសេតវិមានក៏បានប្រកាសពីផែនការ​ថ្មី​ដែលលោក ដូណាល់ ត្រាំ ចង់បាននោះគឺការយកពន្ធ ២០%លើទំនិញនាំចូលពីម៉ិចស៊ីកូ ហើយ​ចំណូល​ពន្ធទាំងនោះនឹងត្រូវយកទៅកសាងជញ្ជាំងព្រំដែន។

ទោះបីជាបែបនេះក្តីអ្នកវិភាគបានលើកឡើងថា លោក ត្រាំ មិនអាចទាមទារពន្ធបន្ថែមលើការនាំ​ចូល​ទំនិញពីប្រទេសម៉ិចស៊ីកូនោះឡើយ ពីព្រោះតែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង (NAFTA) ដែលបានសម្រេចធ្វើការលុបចោលពន្ធរវាងអាមេរិក កាណាដា និងម៉ិចស៊ីកូរួចទៅហើយ៕