(ម៉ានីល)៖ អាជ្ញាធរជាតិ​សេដ្ឋកិច្ច​និងការអភិវឌ្ឍបានឱ្យដឹងថា សេដ្ឋកិច្ចហ្វីលីពីនបានកើនឡើង៦.៨ភាគរយ នៅឆ្នាំ២០១៦ ដែលនេះគឺ​ជាកំណើន​លឿនបំផុត នៅក្នុង​ចំណោម​ប្រទេសជាសមាជិកទាំង​១០​​​​នៃសមាគមប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅកាត់ថាអាស៊ាន (ASEAN)។ នេះបើតាមការចេញ​ផ្សាយដោយទីភ្នាក់ងារ​សារព័ត៌មាន​ចិនស៊ិនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍​ ទី២៦ ខែមករា ឆ្នាំ២០១៧។

ពាក់ព័ន្ធនឹងកំណើន​សេដ្ឋកិច្ចនេះដែរ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានលេខាធិការ​ផែនការ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច លោក Ernesto Pernia បានគូសបញ្ជាក់ថា «កំណើនសេដ្ឋកិច្ច​នៅពេលនេះ គឺជាគោលដៅ​មួយរបស់រដ្ឋាភិបាល​ហ្វីលីពីន ដែលចង់សម្រេច​ឱ្យបាននូវកំណើន​សេដ្ឋកិច្ច​ក្នុងអាត្រាពី៦.០ភាគរយដល់​៧.០ ភាគរយសម្រាប់ឆ្នាំ២០១៦។ បន្ថែមពីលើនេះ​​វាក៏បានជម្រុញកំណើនផលិតផល​ក្នុងស្រុកសរុប GDP ផងដែរ​ដល់ទៅ​៦.៣ភាគរយ នៃអាត្រា​ខ្ពស់បំផុត​ចាប់តាំង ពីឆ្នាំ១៩៧៨មក»

គួរបញ្ជាក់ថាបើតាមលោក Ernesto Pernia សេដ្ឋកិច្ចហ្វីលីពីនមានកំណើន ៦.៦ភាគរយ​នៅក្នុងត្រីមាស​កន្លងទៅ​កាលពី​ឆ្នាំ២០១៦ ហើយតាមរយៈ​កំណើននេះ ហ្វីលីពីនអាច​នឹងកា្លយជា​ប្រទេសមានកំណើន​សេដ្ឋកិច្ចលឿន​បំផុតលេខរៀងទី៣ឬទី៤ នៅក្នុងតំបន់​អាស៊ីសម្រាប់​ត្រីមាសទី៤ បន្ទាប់ពីចិន​ដែលមាន​កំណើនសេដ្ឋកិច្ច ៦.៨ភាគរយ និងវៀតណាម ៦.៧ភាគរយក្នុងឆ្នាំ២០១៦៕