(មិចស៊ីកូ)៖ ប្រធានាធិបតីអាមេរិកថ្មីលោក ដូណាល់ ត្រាំ នៅពេលនេះបានបញ្ជាក់ពីជំហរផ្លូវការរបស់ខ្លួន​តែម្តងទៅលើគំរោងកសាងជញ្ជាំងព្រំដែន ដោយលោកទាមទារឲ្យប្រទេសមិចស៊ីកូ «ចេញថ្លៃកសាង​ឲ្យបាន​១០០%ពេញតែម្តង» ចំពោះគំរោងទាំងមូល។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយ​សារព័ត៌មាន BBC នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០១៧។

នៅថ្ងៃពុធសប្តាហ៍នេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក​ដែលទើបឡើងកាន់តំណែងក្តៅៗ បានសម្រេចចេញនូវវិធានការណ៍ដាច់ណាត់បំផុត ដែលបង្កកំពុងឲ្យប្រទេសមិចស៊ិកូ ទាំងបក្សកាន់អំណាច និងប្រឆាំង​ក្តៅចិត្តមិនស្ទើរនោះឡើយ។ បន្ថែមពីការទាមទារឲ្យមិចស៊ីកូចេញលុយទាំងស្រុងនោះ លោក ដូណាល់ ត្រាំ ក៏បានសង្កត់ធ្ងន់បន្ថែមទៀតថា «ជញ្ជាំងព្រំដែនត្រូវតែរបាំងរារាំងមិនឲ្យមានការឆ្លងកាត់បាន» ដែលនឹង​ត្រូវ​​ចំណាយអស់ប្រាក់រាប់ពាន់​លានដុល្លារ​អាមេរិក។

គួរបញ្ជាក់ថា មេដឹកនាំ​គណបក្ស​ប្រឆាំងរបស់​មិចស៊ីកូ លោក អាន់ដ្រេស ម៉ាញូអែល ឡូប៉េស អូប្រាដ័រ បានជំរុញឱ្យរដ្ឋាភិបាលបច្ចុប្បន្នដាក់ពាក្យ​បណ្ដឹងប្ដឹង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ទៅកាន់​អង្គការ​សហប្រជាជាតិ សម្រាប់​គំរោង​សាងសង់​ជញ្ជាំង​ជាប់ព្រំដែន​ជាមួយ​មិចស៊ីកូ ដើម្បីទប់ស្កាត់​លំហូរ​ចូលជនភៀស​ខ្លួន​ខុសច្បាប់​ ចូលក្នុងទឹកដី​សហរដ្ឋអាមេរិក។ មេបក្សប្រឆាំងរូបនេះ​បានចាត់ទុកថា គំរោង​សាងសង់​ជញ្ជាំងព្រំដែនរបស់​ លោក ដូណាល់ ត្រាំ ដែលមានបណ្ដោយ ៣,២០០គីឡូម៉ែត្រជាប់ព្រំដែន​ជាមួយ​មិចស៊ីកូ គឺជាការប្រមាថមួយ​មកលើប្រទេស​របស់លោក៕