(អាមេរិក)៖ នាថ្ងៃកាន់​អំណាចចុងក្រោយ​របស់អតីតប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា ក្រុមអ្នកវិទ្យាសាស្រ្ត​ជនជាតិអាមេរិក​បានធ្វើការព្រមាន​ថា កម្ពស់ទឹក​សមុទ្រកាន់​តែកើនឡើង​ជាងមុន​ជាបន្តបន្ទាប់​​ ខ្លាំងជាងការរំពឹងទុករបស់​ក្រុមអ្នក​វិទ្យាសាស្រ្ត កាលពី​លើកមុនៗ​ដោយសារតែ​ការរលាយផ្ទាំង​ទឹកកក​នៃតំបន់​ប៉ូលទាំងពីរ ដ៏ឆាប់រហ័ស​គួរឲ្យកត់​សំគាល់។ នេះបើយោង​តាមប្រភព​ព័ត៌មាន​សិង្ហបុរី Channel News Asia ចេញផ្សាយ​នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០១៧។

ក្រុមជំនាញការនៃមន្ទីរអាកាសធាតុ និងមហាសមុទ្រជាតិ (NOAA) បានធ្វើការ​កំណត់របា​កំពស់ទឹក​សមុទ្រថា នឹងអាចកើន​ឡើងរហូត​ដល់ ២.៥ម៉ែត្រ​នៅក្នុងឆ្នាំ២១០០ ដោយវាអាច​មានកំពស់ខ្ពស់ជាង​កំពស់ទឹកសមុទ្រ​កាលពីឆ្នាំ២០១២ រហូតដល់​កន្លះម៉ែត្រ។

ដោយឡែក​សេចក្តីរាយការណ៍​របស់ក្រុមជំនាញ​ការនៃមន្ទីរ​អាកាសធាតុ និងមហាសមុទ្រជាតិ (NOAA) បានបង្ហាញ​ឲ្យឃើញថា បច្ចុប្បន្ន​ផ្ទាំងទឹកកក​មួយភាគធំ​នៃតំបន់ហ្គ្រីនឡេន និង តំបន់អង់តាក់ទិក​បានរលាយ​បាត់អស់ ហើយវា​នៅតែបន្ត​រលាយជាបន្ត​បន្ទាប់ទៀត​ក្នុងកំរិត​ដ៏ឆាប់រហ័ស​មួយ ដែលនេះ​គឺជាមូលហេតុ​ចំបង​ ដែលបណ្តាលឲ្យ​កំពស់ទឹកសមុទ្រ​កើនឡើងខ្លាំងជាង​ការរំពឹងទុក។

ជាមួយគ្នានេះដែរ​ក្រុមអ្នកវិទ្យាសាស្រ្ត​របស់ភ្នាក់ងារ​អវកាស​ NASA ក៏បានធ្វើការព្រមានដែរថា ការកើនឡើង​នៃកំពស់ទឹកសមុទ្រ​ដ៏ខ្លាំងក្លានេះ​ ច្បាស់ជាកើតឡើង​មិនអាចជៀសផុត​បានទេ ខណៈពេល​ដែលកម្តៅរបស់ភពផែនដី​ កាន់តែកើនឡើងបន្តិចម្តងៗ ដោយសារចំហេះហ្វូស៊ីល ចំហេះប្រេង និងឧស្ម័នផ្សេងៗ​នៅក្នុងស្រទាប់​ប​រិយាកាស៕