(មិចស៊ិកកូ)៖ មេដឹកនាំ​គណបក្ស​ប្រឆាំងរបស់​មិចស៊ីកូ លោក អាន់ដ្រេស ម៉ាញូអែល ឡូប៉េស អូប្រាដ័រ (Andres Manuel Lopez Obrador) បានជំរុញឱ្យរដ្ឋាភិបាល​បច្ចុប្បន្នដាក់ពាក្យ​បណ្ដឹងប្ដឹង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ទៅកាន់​អង្គការ​សហប្រជាជាតិ សម្រាប់​គំរោង​សាងសង់​ជញ្ជាំង​ជាប់ព្រំដែន​ជាមួយ​មិចស៊ីកូ ដើម្បីទប់ស្កាត់​លំហូរ​ចូលជនភៀស​ខ្លួន​ខុសច្បាប់​ ចូលក្នុងទឹកដី​សហរដ្ឋអាមេរិក។ នេះបើ​តាម​​ការចេញផ្សាយ​ដោយ Channel News Asia​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០១៧។

ប្រតិកម្ម​របស់លោក អាន់ដ្រេស ធ្វើឡើងនៅក្នុងពិធីជួបជុំ​អ្នកគ្រាំទ្រ​នៅឯភាគខាងជើង​ទីក្រុងមិចស៊ីកូ នៅថ្ងៃពុធ​។ ថ្លែងនៅក្នុង​ឱកាសនោះដែរ មេបក្សប្រឆាំងរូបនេះ​បានចាត់ទុកថា គំរោង​សាងសង់​ជញ្ជាំងព្រំដែនរបស់​ លោក ដូណាល់ ត្រាំ ដែលមានបណ្ដោយ ៣,២០០គីឡូម៉ែត្រជាប់ព្រំដែន​ជាមួយ​មិចស៊ីកូ គឺជាការប្រមាថមួយ​មកលើប្រទេស​របស់លោក។ លោក អាន់ដ្រេស បានលើកឡើង​ដូច្នេះថា «ខ្ញុំ​សូម​ស្នើ​ដោយក្ដីគោរពឱ្យរដ្ឋាភិបាល មិចស៊ីកូ ដាក់ពាក្យប្ដឹង​រដ្ឋាភិបាលអាមេរិក ទៅកាន់​អង្គការ​សហប្រជាជាតិ ចំពោះការរំលោភ​សិទ្ធិមនុស្ស និងការរើសអើង​ជាតិសាសន៍​ពាក់ព័ន្ធនឹង​គំរោង សាងសង់​ជញ្ជាំងព្រំដែន ដែលជា​ការប្រមាថ​មួយយ៉ាងពិតប្រាកដ​មកលើប្រទេស​របស់យើង»

គួរបញ្ជាក់ថា​អតីតអភិបាលក្រុងមិចស៊ីកូ លោក អាន់ដ្រេស ម៉ាញូអែល ឡូប៉េស អូប្រាដ័រ កំពុងទទួល​បានប្រជាប្រិយភាព​យ៉ាងខ្លាំង នៅក្នុងការស្ទង់មតិជាច្រើន ហើយលោកក៏​ជាបេក្ខភាពម្នាក់ ដែលគេរំពឹងថា​អាចនឹងឈ្នះ​នៅក្នុងការបោះឆ្នោត ​ជ្រើសរើស​ប្រធានាធិបតី​នៅខែកក្កដា ឆ្នាំ២០១៨ផងដែរ៕