(គុយវ៉ែត)៖ ប្រទេសគុយវ៉ែត​បានកាត់ទោសប្រហារជីវិត ដោយព្យួរ-កអ្នកទោសចំនួន០៧នាក់​ក្នុងនោះ​រួមមានទាំង​ព្រះអង្គម្ចាស់​នៃខ្សែរាជវង្ស Al-Sabah នៅឯពន្ធនាគារ​មួយកន្លែង ស្ថិតនៅភាគ​កណ្ដាល​នៃប្រទេស ហើយដែលនេះ​គឺជាការកាត់​ទោសប្រហារជីវិត​លើកដំបូងបំផុត​គិតចាប់ តាំងពី​ខែមិថុនា ឆ្នាំ២០១៣មក។ នេះបើតាមសារព័ត៌មានក្នុងស្រុក Kuna ដកស្រង់សម្ដីដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០១៧។

សារព័ត៌មាន Kuna បានឱ្យដឹងដែរថា ព្រះម្ចាស់ ហ្វៃសាល់ អាប់ឌុលឡាហ៍ អាល់ ចាប៊ឺ អាល់សាបាស់ (Faisal Abdullah Al-Jaber Al-Sabah) ត្រូវបានតុលាការផ្ដន្ទាទោសប្រហាជីវិត​កាលពីឆ្នាំ២០១០ ពីបទ​សម្លាប់​ក្មួយប្រុស និងព្រះអង្គម្ចាស់ម្នាក់​ផ្សេងទៀត។ Kuna​ បញ្ជាក់ដូច្នេះថា «បទឧក្រិដ្ឋដែល ទ្រង់ ហ្វៃសល់ អាប់ឌុលឡាហ៍ បានប្រព្រឹត្តគឺជាអំពើមនុស្សឃាត​គិតទុកជាមុន និងការកាន់កាប់អាវុធដោយគ្មានការ​អនុញ្ញាត»

គួរបញ្ជាក់ថា​អ្នកទោស០៦នាក់ផ្សេងទៀត ក៏មានស្ត្រីជាជនជាតិគុយវ៉ែត​ម្នាក់ផងដែរ ហើយសម្រាប់០៥នាក់​ទៀតគឺរួមមានបុរស០៣នាក់ និងស្រ្តី០២នាក់មកពីប្រទេសបង់ក្លាដែស អេត្យូពី ហ្វីលីពីន និងអេហ្ស៊ីប ដែលសុទ្ធតែត្រូវបានផ្ដន្ទាទោស​ប្រហារជីវិតពី​បទមនុស្សឃាតដូចគ្នា៕