(ហ្គាំប៊ី)៖ ប្រធានាធិបតីហ្គាំប៊ី លោក Adama Barrow ដែលបាន​ចំណាយពេល​ស្នាក់នៅក្នុង​ប្រទេស​សេណេហ្គាល់ ចាប់តាំងពី​ថ្ងៃ១៥ ខែមករា គ្រោងនឹងវិលចូលស្រុក​កំណើតវិញ​នៅរសៀលថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅក្នុងប្រទេសហ្គាំប៊ី)។ នេះបើតាម​ទីប្រឹក្សាប្រធានាធិបតី​ហ្គាំប៊ី លោក Mai Fatty ដកស្រង់សម្ដី​ដោយសារព័ត៌មាន AP នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០១៧។

យោងតាមលោក Mai Fatty លោក Adama Barrow នឹងធ្វើដំណើរត្រឡប់ទៅដល់រដ្ឋធានី Banjul ប្រទេសហ្គាំប៊ីវិញ នៅពេលរសៀលថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅតំបន់អាហ្វ្រិកខាងលិច)។ ដោយឡែក​ទន្ទឹមគ្នានោះ ប្រភពពីប្រធានាធិបតី​សេណេហ្គាល់​ក៏បានអះអាង​ដែរថា ព័ត៌មាននេះ​គឺជាការពិត ហើយថែមទាំង​បញ្ជាក់ទៀតថា​ ប្រសិនបើមានការផ្លាស់​ប្ដូរកម្មវិធី​ធ្វើដំណើរ​របស់លោក Adama Barrow នោះនឹងត្រូវជូនដំណឹង​នៅពេលក្រោយ។

ទោះបីជាយ៉ាងណាក៏ដោយប្រធានាធិបតី​ហ្គាំប៊ី លោក Adama Barrow ផ្ទាល់មិនទាន់​បានទទួលស្គាល់​ជាផ្លូវការនូវព័ត៌មាន​នេះនៅឡើយទេ។

រំលឹកកាលពីដើមសប្តាហ៍នេះ កងកម្លាំងយោធា​ក្នុងតំបន់អាហ្វ្រិក​ខាងលិច បានចូល​ទៅដល់​រដ្ឋធានី Banjul នៃ​ប្រទេសហ្គាំប៊ី​ហើយ ដោយគ្រប់គ្រងវិមានប្រធានាធិបតី​នៅថ្ងៃអាទិត្យ ម្សិលមិញ​តែមួយថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់អតីត​ប្រធានាធិបតី​លោក Yahya Jammeh យល់ព្រម​ប្រគល់​អំណាច និងចាកចេញពី​ប្រទេស​កាលពី​យប់ថ្ងៃសៅរ៍ ឆ្ពោះទៅកាន់​ប្រទេសហ្គីណេ។

កងកម្លាំង​យោធា​មកពី​សហគមន៍​សេដ្ឋកិច្ច​នៃបណ្ដា​រដ្ឋអាហ្រ្វិក​ខាងលិច ឬ ​Ecowas​ បានជួបឧបសគ្គបន្តិចបន្ដួច នៅពេលព្យាយាមសម្រុកចូលវិមានប្រធានាធិបតីដោយ​សារ​តែក្រុមអង្គរក្សរបស់លោក Yahya Jammeh បានដាក់របាំងការពារ។​ ការប៉ះទង្គិចដោយអាវុធពុំ ត្រូវបានគេរាយការណ៍ឡើយ រីឯយោធាហ្គាំប៊ីម្នាក់បាននិយាយថា «នៅទីនេះគ្មានបញ្ហាអ្វីទេ»

ជាងនេះទៅទៀត ប្រជាជនហ្គាំប៊ី នៅក្នុងរដ្ឋធានី Banjul ក៏បានអបអរសារទរផងដែរ ចំពោះការយល់ព្រមប្រគល់អំណាចទៅឱ្យ ប្រធានាធិបតីហ្គាំប៊ីថ្មី លោក Adama Barrow ដែលកំពុងស្ថិតនៅក្នុងប្រទេសសេណេហ្គាល់។ ក៏ប៉ុន្តែ​ទន្ទឹមគ្នា​នឹងការអបអរនេះ​ទីប្រឹក្សាលោក Barrow បានអះអាងថា ថវិកាជាតិ​ជាង ១១លានដុល្លារ​អាមេរិក បានបាត់ចេញ​ពីរតនាគារជាតិ បន្ទាប់ពី​លោក Yahya Jammeh ចាកចេញ​ពីប្រទេស។

គួរបញ្ជាក់ថា វិបត្តិនយោបាយនៅក្នុងប្រទេសហ្គាំប៊ី បានកើតឡើង ក្រោយពីលោក Jammeh បដិសេធមិនព្រមទទួលស្គាល់លទ្ធផលបោះឆ្នោតដែលលោកបាន ចាញ់លោក Barrow​ កាលពីខែធ្នូ ឆ្នាំ២០១៦៕