(សេអ៊ូល)៖ អតីតមន្ត្រីទូតជាន់ខ្ពស់របស់កូរ៉េខាងជើង ដែលបានរត់ចេញពីស្ថានទូតនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស មកសុំសិទ្ធិជ្រកកោណនៅកូរ៉េខាងត្បូងនោះ បានបន្តធ្វើការបកអាក្រាតទៅលើ​របបដឹកនាំ​របស់លោក គីម ជុនអ៊ុន ដោយលើកនេះ​លោកបានអះអាងថា មន្ត្រីកំពូលៗ​ជាច្រើននៅកូរ៉េខាងជើង មិនពេញចិត្ត​នឹងការដឹកនាំរបស់​បុរសវ័យក្មេងជំនាន់ទីបី​រូបនេះឡើយ។ នេះបើតាមការចេញផ្សាយ​នៅមុន​នេះបន្តិចនាល្ងាចថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៧។

លោក ថែ យ៉ុងហូ ដែលបានរត់មកជ្រកកោណនៅកូរ៉េខាងត្បូង​តាំងពីខែសីហា ឆ្នាំ២០១៦នោះ បានប្រាប់​សារព័ត៌មាន​បរទេសជាលើកដំបូង​នៅថ្ងៃពុធនេះ​ថា «ពេលលោក គីម ជុងអ៊ុន ឡើងកាន់​អំណាច​ដំបូង​ខ្ញុំមាន​ក្តីសង្ឃឹមខ្ពស់ណាស់​ថា លោកនឹងធ្វើការសម្រេចចិត្តដោយ​សមហេតុផល និងត្រឹមត្រូវដើម្បី​ទាញប្រទេស​កូរ៉េខាងជើង​ចាកចេញពីភាពក្រីក្រ ប៉ុន្តែមិនយូរប៉ុន្មានខ្ញុំក៏ធ្លាក់ចូល​ទៅក្នុងភាពអស់សង្ឃឹម​ ដោយបានមើលឃើញគាត់​ ដកដាក់​មន្ត្រីនានា​ដោយគ្មានហេតុផល»។

លោក ថែ បានបន្តទៀតយ៉ាងដូច្នេះថា «ជាក់ស្តែងការរិះគន់ ឬការខ្វែងគំនិតគ្នាក្នុងរបបនេះគឺមានកម្រិត​ទាប ប៉ុន្តែនៅពេលពេលនេះវាបានក្លាយជារឿងញឹកញាប់បន្ថែមទៀត។ យើងត្រូវតែស្រោចសាំង​ទៅលើ​ប្រទេស​កូរ៉េខាងជើង ហើយអនុញ្ញាតឲ្យ​ប្រជាជនដុតភ្លើងឡើងតែម្តង»។ គួរបញ្ជាក់ថា​ចាប់តាំងពីការរត់ភៀសខ្លួន​មក​កាន់កូរ៉េខាងត្បូង លោក ថែ បានធ្វើសន្និសីទសារព័ត៌មានពីពីរទៅបីលើកហើយ ដោយមានបកអាក្រាត​រឿងរ៉ាវជាច្រើន​​នៃរបបដឹកនាំរបស់​កូរ៉េខាងជើង ប៉ុន្តែទីក្រុងព្យុងយ៉ាង​ហាក់មិនបានបង្ហាញ​ប្រតិកម្មតបតវិញនោះទេ៕