(ម៉ូស្គូ)៖ កងយោធាប្រដាប់អាវុធរុស្ស៊ី​បានចាប់ផ្តើម​ប្រើប្រាស់នូវ​កូនយន្តហោះ​ដ្រូន (Drone) ជំនាន់ថ្មី ដែលមាន​សមត្ថភាពផ្ញើសារ​ជាអក្សរ សំឡេង ​ក៏ដូចជា​វីដេអូ រួមជាមួយនិងប្រព័ន្ធធ្វើសង្គ្រាមអេឡិចត្រូនិច RB-341V "Leer-3" ខណៈពេលដែល​ស្ថានការណ៍​សន្តិសុខជាមួយអឺរ៉ុប នៅតែមិនទាន់​ប្រសើរឡើងវិញ។ នេះបើតាម​ការចេញផ្សាយ​​ដោយ​ ​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ចិនស៊ិនហួរ នៅមុននេះបន្តិច​នាល្ងាច​ថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៧។

កូនយន្តហោះថ្មី​ខាងលើត្រូវបាន​កែច្នៃ​ ដើម្បីបង្កើនសមត្ថភាព​ដោយផ្អែកលើ​កូនយន្តហោះ​ជំនាន់ចាស់ Orlan-10 ដែលធ្លាប់ជាផ្នែក​របស់ប្រព័ន្ធ Leer-3 ដូចគ្នា។ ការធ្វើតេស្ត​សាកល្បងនៃកូន​ហោះទាំងនេះ​ ត្រូវបានបញ្ចប់​រួចរាល់ហើយ ខណៈប្រព័ន្ធ Leer-3 ក៏ត្រូវ​បានធ្វើ​តេស្ត​ផង​ដែរ​នៅ​​ក្នុងប្រទេស​ស៊ីរី ហើយកងយោធា​ប្រដាប់​អាវុធរុស្ស៊ី នឹងទទួល​បានកូនយន្តហោះ​ជំនាន់ថ្មី​នៅក្នុង​ឆ្នាំ២០១៧នេះ។ បច្ចុប្បន្ន​ពួក​វា​​អាច​ផ្ញើ​សារ​​ជា​អក្សរ​និងសំឡេងបាន ប៉ុន្តែនៅពេលឆាប់ៗ​ខាងមុខការផ្ញើសារ​ជាខ្សែវីដេអូ​ នឹងត្រូវដាក់​បញ្ចូល​បន្ថែម​​ទៅ​ក្នុង​សមត្ថភាព​​កូន​យន្ត​​ហោះ។

គួរបញ្ជាក់ថា​ប្រព័ន្ធធ្វើសង្រ្គាម​អេឡិចត្រូនិច RB-341V "Leer-3" រួមមានកូនយន្តហោះ​ដ្រូនចំនួនបីគ្រឿង ហើយមុខងារ​ចម្បងរបស់ពួកវា​គឺ​បង្កភាពរាំង​ស្ទះរលកសញ្ញា​នៃគ្រប់អង់តែន​ទំនាក់ទំនង និងបំពាក់​ដោយឧបករណ៍​បន្ទុចបង្អា​ក់ និងឧបករណ៍បញ្ចូន​សញ្ញាដ៏ពិសេស៕