(បាងកក)៖ រដ្ឋាភិបាល​យោធាថៃ បានអនុម័តលើ​កញ្ចប់ថវិកា​ជាតិជាង ១៣.៥ពាន់លានបាត (៣៨០លាន​ដុល្លារអាមេរិក) ដើម្បីទិញ​នាវាមុជទឹក​ពីចិន​ ដែលនេះ​គឺជាផ្នែកមួយ​នៃការពង្រឹង​ទំនាក់ទំនង​ជាមួយទីក្រុង​ប៉េកាំង ខណៈទំនាក់​ទំនង​រវាងថៃ និងសហរដ្ឋអាមេរិកកំពុងមាន​ភាពរកាំរកូស បន្ទាប់ពីមាន​រដ្ឋប្រហារ​យោធា​កាលពី​ឆ្នាំ២០១៤។ នេះបើតាមសម្តី​មន្ត្រីយោធាថៃ ដកស្រង់ដោយសារព័ត៌មាន Channel News Asia​ នៅរសៀលថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៧។

ការបញ្ជាទិញ​នាវាមុជទឹក​ពីចិន ត្រូវបានធ្វើឡើង​តាំងពីឆ្នាំ២០១៦ ក៏ប៉ុន្តែគំរោងនេះ​បានប្រឈមមុខ​នឹងរិះគន់​យ៉ាងខ្លាំង​ពីសំណាក់សាធារណជន ក៏ដូចជា​សំណួរជាច្រើន​ដែលចោទសួរថា តើថៃចាំ​បាច់ដែរឬដែលត្រូវទិញ​នាវាមុជទឹកពីចិន? ដូច្នេះពាក់ព័ន្ធនឹង​គំរោងនេះ អ្នកនាំពាក្យកងទ័ពជើងទឹកថៃ លោកឧត្ដមនាវី Jumpol Loompikanon បានប្រាប់ទីភ្នាក់ងារ​សារព័ត៌មាន Reuters ថាកិច្ចចរចា​ជាច្រើន​ជាមួយ​រដ្ឋាភិបាល​ចិន ជិតបញ្ចប់​ទាំងស្រុងហើយ រីឯកញ្ចប់​ថវិកាជាតិក៏ត្រូវបានបំរុងទុក​ក្នុងការ​ចំណាយលើ​នាវាមុជទឹក សម្រាប់រយៈពេល០៦ឆ្នាំដែរ។ លោក Jumpol បន្ថែមថា «នាវាមុជទឹកអាចនឹង​អនុញ្ញាតឱ្យ​កងទ័ពជើងទឹកថៃ រៀនសូត្រ​ពីតាក់ទិច និងពីរបៀបធ្វើសង្រ្គាមនាវាមុជទឹក»

គួរបញ្ជាក់ថា​រដ្ឋាភិបាលយោធាថៃ ក៏មានគំរោងទិញរថក្រោះ និងរថពាសដែនចំនួន ១០គ្រឿង​បន្ថែមពី​លើការបញ្ជា​ទិញរថក្រោះ​២៨គ្រឿងពីចិន កាលពីឆ្នាំ២០១៦ ផងដែរ។ ចិនគឺជា​មហាអំណាច​តែមួយគត់ ដែលបានទទួល​ស្គាល់របបយោធាថៃ​មុនគេ ខណៈសហរដ្ឋអាមេរិក​បានបង្កក​ជំនួយជាង ៤.៧លានដុល្លារ​ទាក់ទិន​នឹងវិស័យ​សន្តិសុខ និងការពារជាតិ ឆ្លើយតបទៅរដ្ឋប្រហារ​យោធាកាលពី​ឆ្នាំ២០១៤៕