(ប៉េកាំង)៖ ​សេចក្ដីរាយការណ៍​ដែលថា​ចិនបានដាក់ពង្រាយ​កងអង្គភាពមួយ ក្នុងចំណោម​កងអង្គភាព​មីស៊ីល​អន្តរទ្វីប Dongfeng-41 (DF-41) ទំាងបី​នៅឯតំបន់ភាគ​ខាងជើងខេត្ត Heilongjiang ជាប់តំបន់​ព្រំដែនជា​មួយរុស្ស៊ី ត្រូវបានអ្នកវិភាគ​នយោបាយរុស្ស៊ីយល់ឃើញថា ទីក្រុងប៉េកាំង​មានបំណង ឆ្លើយតប​ទៅនឹងការ​ដាក់ពង្រាយ​ប្រព័ន្ធខែល​ការពារមីស៊ីល THAAD ​ពីសំណាក់​សហរដ្ឋអាមេរិក នៅលើទឹកដី​កូរ៉េខាងត្បូង។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik​ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៧។​

យោងតាមសារព័ត៌មាន Apple Daily newspaper កងអង្គភាពមីស៊ីលអន្តរទ្វីប DF-41 ត្រូវបាន​​ដាក់​ពង្រាយនៅក្នុង​ទីក្រុង Daqinq ខណៈកងអង្គភាព​ផ្សេងទៀត​ក៏ត្រូវបាន​ដាក់ពង្រាយ​ផងដែរ នៅឯទីក្រុង Xinyang ស្ថិតក្នុងខេត្ត Henan នៃភាគកណ្ដាល​ប្រទេសចិន រួមទាំងខេត្ត Xingjiang។ ពាក់ព័ន្ធនឹងសេចក្ដី​រាយការណ៍​នេះដែរ​អ្នកវិភាគនយោបាយ លោក Alexander Perendzhiev បានគូសបញ្ជាក់ថា «ការដាក់​ពង្រាយប្រព័ន្ធ​មីស៊ីល​អន្តរទ្វីប Dongfeng-41 របស់ចិនគឺធ្វើឡើង​ដើម្បីឆ្លើយតប​ទៅនឹងទីក្រុង​វ៉ាស៊ីនតោន ដែលបាន​តម្លើងប្រព័ន្ធខែល​ការពារមីស៊ីល​នៅលើទឹកដី​ជប៉ុន និងកូរ៉េខាងត្បូង។ម្យ៉ាងវិញទៀត​បើទោះបីជាសហរដ្ឋអាមេរិក ធ្លាប់បានអះអាង​ជា​ច្រើនដង​រួចមកហើយថា ការតម្លើង​ប្រព័ន្ធ​ខែលការពារ​មីស៊ីល​ នៅតំបន់អាស៊ី​ប៉ាស៊ីហ្វិក មានគោលដៅ​តែមួយគត់ នោះគឺទប់​ស្កាត់​មីស៊ីល​កូរ៉េខាងជើង​ក៏ដោយ ក៏វានៅតែបានបង្ហាញច្បាស់ណាស់ថា ទីក្រុងវ៉ាស៊ីនតោន​ក៏ចង់​ប្រើវា​ដើម្បីប្រឆាំងនឹង​មីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ក៏ដូចជាកំញើញចិន និងរុស្ស៊ីផងដែរ»

គួរបញ្ជាក់ថា Dongfeng-41 ឬ DF-41 គឺជាប្រភេទមីស៊ីលអន្តរទ្វីប​បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលអាចបាញ់​ចំគោលដៅនៅចំងាយ​រហូតដល់ទៅ ១៤,០០០គីឡូម៉ែត្រពីទីតាំងបាញ់ចេញរបស់វា៕