(​វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិកនៅថ្ងៃអង្គារ (ម៉ោងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន) បានបោះឆ្នោត​អនុម័តស្ទើរតែជាឯកច្ឆន្ទទៅហើយ​ ដើម្បីទទួលស្គាល់អភិបាលរដ្ឋ South Carolina លោកស្រី Nikki Haley ជាអគ្គរដ្ឋទូតអាមេរិក​ប្រចាំអង្គការ​សហប្រជាជាតិ។​ នេះបើតាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន CNN​ នៅព្រឹកថ្ងៃពុធ ទី២៥​ ខែមករា ឆ្នាំ២០១៧។

លោកស្រី Nikki Haley ត្រូវបានព្រឹទ្ធសមាជិក​បោះឆ្នោតក្នុងសំឡេង​គាំទ្រ៩៦សំឡេង លើ០៤សំឡេង។ លោកស្រី Nikki បានធ្វើឱ្យសមាជិកព្រឹទ្ធសភា​ភាគច្រើន មានការចាប់អារម្មណ៍ជា​ខ្លាំង នៅក្នុងអំឡុង​ពេល​សវនាការមួយក្នុងខែមករានេះ ជាពិសេសនៅពេលដែលស្ត្រីវ័យ៤៥ឆ្នាំរូបនេះ​បានសន្យាថា នឹងដាក់​សម្ពាធ​លើ​អង្គការសហប្រជាជាតិឱ្យ​ធ្វើកំណែទម្រង់ ព្រមទាំងតស៊ូប្រយុទ្ធផងដែរដើម្បីសិទ្ធិមនុស្ស និងការគាំទ្រ​ដល់ស្ថាប័ន​អន្តរជាតិទាំងឡាយ។

ជាមួយគ្នានោះដែរប្រធានគណកម្មាធិការព្រឹទ្ធសភា ទទួលបន្ទុកកិច្ចការ​បរទេស លោក Bob Corker បាននិយាយថា លោកស្រី Nikki គឺជាមនុស្សម្នាក់​មានសមត្ថភាព​ក្នុងការធ្វើទំនាក់ទំនង និងអាចលើក​កម្ពស់​តម្លៃរបស់សហរដ្ឋអាមេរិក​នៅទូទំាងពិភពលោក។

គួរបញ្ជាក់ថា​ព្រឹទ្ធសមាជិកដែលបានជំទាស់​នឹងការតែងតាំង លោកស្រី Nikki Haley សុទ្ធតែ​ជាព្រឹទ្ធសមាជិក​មកពីគណបក្សប្រជាធិបតេយ្យមានដូចជាលោក Tom Udall, លោក Chris Coons, លោក Martin Heinrich និងលោក Bernie Sanders៕