(អ៊ីស្ដង់ប៊ូល)៖ ឧបនាយករដ្ឋមន្ត្រីតួកគីលោក នូម៉ាន់ គូតទូលមូស (Numan Kurtulmus​) បានបញ្ជាក់ចំៗ នៅថ្ងៃអង្គារនេះថា ការអះអាងដែលថាតួកគីនឹងប្រគល់ទីក្រុង Al-​Bab ទៅឱ្យកងកម្លំាងរដ្ឋាភិបាលស៊ីរី របស់លោកប្រធានាធិបតី បាហ្សា អាល់ អាស្សាដ នៅពេលក្រុម ISIS​ ត្រូវបានកម្ចាត់ ឬបណ្ដេញចេញ គឺជារឿងមិនពិត ពោលគឺទីក្រុងអង់ការ៉ា គ្មានគំរោងធ្វើបែបនេះឡើយ។ នេះបើតាម​ការចេញ​ផ្សាយដោយ​សារព័ត៌មាន Channel News Asia​ នៅល្ងាចថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧។​

គួរបញ្ជាក់ថា​ក្រុមឧទ្ទាមស៊ីរីគាំទ្រ​ដោយតួកគី រួមមានដូចជា​ កងរថក្រោះ និងកង​យន្ដហោះចម្បាំងបាន​ឡោមព័ទ្ធ​ទីក្រុង Al-Bab​ តាំងតែពី​ខែធ្នូ ឆ្នាំ២០១៦ មកម្ល៉េះ។ ចំណែកឯលោក គូតទូលមូស ក៏បានរិះគន់​សហរដ្ឋអាមេរិក​ផងដែរថា បានបរាជ័យក្នុងការផ្ដល់ការគំាទ្រគ្រប់គ្រាន់ដល់ប្រតិបត្តិការយោធារបស់តួកគី ដើម្បី​វាយដណ្ដើម​ទីក្រុងមួយនេះ។ ទោះបីជាបែបនេះក្តី រដ្ឋាភិបាលតួកគីមិនបានបញ្ជាក់ថា តើខ្លួននឹងត្រូវ​ធ្វើអ្វីបន្តទៀតចំពោះទីក្រុងជាប់ព្រំដែនខាងលើនេះឡើយ ដែលប្រហែលជាត្រូវការពេលវេលាបន្ថែម ដើម្បីគ្រប់គ្រងស្ថានការណ៍ឲ្យបាន ១០០ភាគរយសិន៕