(សេអ៊ូល)៖ ការវិលត្រឡប់​មកកាន់​កូរ៉េខាងត្បូង ដែល​បាននិងកំពុង​ប្រឈមមុខ​វិបត្តិនយោបាយ​​យ៉ាងធ្ងន់ធ្ងរ​នោះ មានសញ្ញា​ពុំសូវជាល្អប៉ុន្មាននោះឡើយ​ សម្រាប់អតីតប្រមុខដឹកនាំកំពូលនៃអង្គការសហប្រជាជាតិលោក បាន គីមូន ដែលធ្លាប់ត្រូវ​បានគេស្ទាបស្ទង់​ថា ទំនងជានឹងអាច​ក្លាយជា​ប្រធានាធិបតី​កូរ៉េខាងត្បូងថ្មី បន្ទាប់ពីការលេច​លឺថា​ ​លោក​មានជាប់ពាក់ព័ន្ធក្នុងរឿង​អាស្រូវពុក​រលួយ​របស់ក្រុមគ្រួសារ​​សាច់ញាតិ និងមានការចោទ​សួរដ៏​​ជជីកជាច្រើន​ពីសំណាក់​អ្នកសារព័ត៌មាន​ ​ចំពោះការប្រព្រឹត្ត​ខុសឆ្គងប្លែកៗ​របស់លោក។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​​ដោយ​សារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិច​នា​​រសៀល​ថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧។

បច្ចុប្បន្ននេះសហរដ្ឋអាមេរិក​បានស្នើឲ្យកូរ៉េខាងត្បូង​ ធ្វើការចាប់ខ្លួនបងប្អូនប្រុសបង្កើត​របស់លោក បាន គីមូន គឺលោក បាន គីសាង (Ban Ki-Sang) ក្រោមបទ​ចោទប្រកាន់ថា​ លោកបាន​ជាប់ទាក់ទងនឹង​គំរោងស៊ី​សំណូក​សូកប៉ាន់មួយ ដើម្បីលក់​អគារមួយកន្លែងនៅវៀតណាម​​។ ជុំវិញករណីនេះ​លោក បាន គីមូន បានចេញមុខ​សូមអភ័យទោស​ចំពោះការដែលសមាជិកគ្រួសារ​របស់​លោក​ បាន​ធ្វើ​ឲ្យ​មាន​​ការ​ព្រួយបារម្ភ​ពីមជ្ឈដ្ឋានទូទៅ ដោយបាន​និយាយថា «ខ្ញុំពុំបានដឹង​អំពីករណីស៊ីសំណូក​សូកប៉ាន់នេះឡើយ»។

ដោយឡែកការប្រព្រឹត្តបែ្លកៗ​របស់អតីតអគ្គលេខាធិការ​យូអិនរូបនេះ​វិញ​​រួមមានដូចជា​ នៅពេល​ដែលបាន​ធ្វើដំណើរ​មកដល់​​រដ្ឋធានី​សេ​អ៊ូល​​ភ្លាមៗ​​កាលពី​ថ្ងៃទី១២ ខែមករាកន្លង​ទៅនេះ លោក បាន គីមូន បានសម្រេច​ចិត្តជិះរថភ្លើង​ដឹកអ្នកដំណើរ​ជំនួសឲ្យ​រថយន្តលីម៉ូ ប៉ុន្តែលោក​មិនដឹងពី​របៀបនៃការទិញ​សំបុត្រឡើយ ដោយលោក​បានព្យាយាម​បញ្ចូលក្រដាស​ប្រាក់១០,០០០វ៉ុនចំនួនពីរសន្លឹក ទៅក្នុងម៉ាស៊ីនស្រប​​ពេលតែ​មួយ ដើម្បីទិញ​សំបុត្រដែលមានតម្លៃ​៧,៥០០វ៉ុន។

ពីរថ្ងៃក្រោយមកលោក បាន គីមូន បានទៅសួរសុខទុក្ខមជ្ឈមណ្ឌលថែទាំ​ជនចាស់ជរា​មួយកន្លែង និងបាន​​បញ្ចុកកបបរ​ស្រ្តីវ័យចំណាស់​ម្នាក់​នៅទីនោះ ប៉ុន្តែរូបលោក​ត្រូវបានគេរិះគន់​ដោយសារតែខ្លួន​ជាអ្នកបញ្ចុក​បែរជាពាក់ក្រណាត់​ទ្រាប់ ប៉ុន្តែស្រ្តីវ័យ​ចំណាស់ម្នាក់​នោះពុំបាន​​ពាក់​ទៅវិញ និងដោយសារ​តែការ​បញ្ចុកអាហារ​ដល់មនុស្ស​ដែលដេកស្តូកស្តឹង​លើផ្ទៃរាបស្មើ។ ក្រៅពីនេះទៀត លោក បាន គីមូន ក៏បានគ្រងឈុត​​ការពារខ្លួនតាំងពីចុងសក់ដល់ចុងជើង ​ដើម្បីធ្វើការសាកល្បងបាញ់​ថ្នាំសម្លាប់​មេរោគ នៅពេល​ដែលមនុស្សគ្រប់គ្នា​ដែលនៅជុំវិញ​លោក​​​ស្លៀកសម្លៀក​បំពាក់ធម្មតា។

គួរបញ្ជាក់ថា យោងតាមការស្ទង់មតិដែលត្រូវបានចេញនៅថ្ងៃចន្ទម្សិលមិញនេះ សំឡេងគាំទ្ររបស់លោក បាន គីមូន បានធ្លាក់ចុះ​ពី​២២.២​​ភាគ​​រយ​​កាល​ពីសប្តាហ៍មុន មកនៅត្រឹម១៩.៨ភាគរយ ដោយប្រៀបនឹងសំឡេងគាំទ្រ២៩.១ភាគរយរបស់លោក មូន ជែអ៊ីន (Moon Jae-In) ដែលជាអតីត​ប្រធានគណបក្ស​ប្រឆាំងនៅ​កូរ៉េខាងត្បូង៕