(សិង្ហបុរី)៖ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីននៅក្នុងកិច្ចប្រជុំមួយក្នុងប្រទេសសិង្ហបុរីបានលើកឡើងថា តំបន់អាស៊ី​អាគ្នេយ៍មិនមែនជាទីកន្លែងសម្រាប់មហាអំណាចនានា ដូចជាប្រទេសចិន និងសហរដ្ឋអាមេរិក​ធ្វើការ​ប្រកួត​ប្រជែងឥទ្ធិពលគ្នានោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧។

ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលហ្វីលីពីនខាងលើនេះ គឺចង់សំដៅទៅលើបញ្ហាដ៏រសើបមួយក្នុង​តំបន់សមុទ្រចិនខាងត្បូង ដែលជាទីតាំងសម្បូរទៅដោយធនធានរ៉ែធម្មជាតិដ៏ក្រាស់ក្រែល ព្រមទាំងជា​ច្រក​សេដ្ឋកិច្ច​ពិភពលោកដ៏សំខាន់បំផុតមួយផងដែរ។ ប្រការនេះហើយ​វាបានធ្វើឲ្យតំបន់អាស៊ីអាគ្នេយ៍ស្ទើរទាំង​មូលបានក្លាយជាទីតាំងតម្លើងសាច់ដុំដាក់គ្នារវាងមហាអំណាច ដូចជាចិន និងសហរដ្ឋអាមេរិកជាដើម។

នៅក្នុងកិច្ចប្រជុំសន្តិសុខមួយនៅសិង្ហបុរីលោក Delfin Lorenzana រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន បានបង្ហាញ​ទស្សនរបស់លោកដូច្នេះថា «ក្នុងខណៈនេះ យើងចង់ធ្វើការរំលឹកទៅកាន់មិត្តៗរបស់យើងថា ប្រសិនបើ​អាច​ទៅរួចនោះ សូមកុំប្រើប្រាស់តំបន់អាស៊ាន ធ្វើជាទីតាំងនៃការប្រកួតប្រជែងឥទ្ធិពលគ្នា។ យើងនឹងធ្វើការ​អះអាងម្តងទៀតអំពីការរួបរួមគ្នាជាធ្លុងមួយរបស់អាស៊ាន ប្រឈមមុខនឹងការប្រកួតប្រជែងអំណាច​ទាំង​អស់នោះ ជាពិសេសគឺសេចក្តីថ្លែងការណ៍រួមនៃសមុទ្រចិនខាងត្បូង»