(អាមេរិក)៖ រយៈពេល​ជិតពីរឆ្នាំ​ក្រោយពីបានធ្វើការប្រមូល​ទិន្នន័យពី​ភពភ្លុយតូ​ យានអវកាស New Horizons របស់ទីភ្នាក់ងារ​អវកាស NASA កំពុងរៀបចំ​ខ្លួនសម្រាប់ការ​ធ្វើដំណើរផ្សងព្រេង​ដ៏ធំមួយ​បន្ទាប់​ទៀតនៅ​តំបន់ចុង​បំផុតដ៏ត្រជាក់​នៃប្រព័ន្ធ​ព្រះអាទិត្យ​របស់យើង។ នេះ​បើ​តាម​​ការ​ដក​​ស្រង់​​​ការ​ចេញ​ផ្សាយ​ដោយ​គេហទំព័រ Space នៅមុននេះ​បន្តិចនាព្រឹកថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧។

បច្ចុប្បន្ននេះ​យានអវកាស New Horizons កំពុងធ្វើ​ដំណើរ​ឆ្ពោះ​សំដៅ​ទៅរកវត្ថុ​ដ៏ចំណាស់តូចមួយ ស្ថិតនៅ​ចម្ងាយ​ប្រមាណ១.៦​ពាន់លាន​គីឡូម៉ែត្រ​ហួសផុតពី​ភពភ្លុយតូ ​ក្នុងតំបន់ដាច់​ស្រយាល​ដែលហ៊ុមព័ទ្ធ​ប្រព័ន្ធ​ព្រះអាទិត្យ និងសម្បូរទៅដោយ​ដុំថ្មត្រជាក់ៗ (Kuiper Belt) ដែលពុំទាន់​មាន​​យានណាធ្លាប់បាន​ទៅដល់​នៅឡើយ ហើយគោល​ដៅថ្មីនេះ​ត្រូវបានរកឃើញ​ដោយកែវយឺត​អវកាស Hubble កាលពីខែមិថុនា ឆ្នាំ២០១៤ និងត្រូវបាន​ឲ្យ​ឈ្មោះថា 2014 MU69 (វត្ថុអវកាស)។

គួរបញ្ជាក់ថា ភពភ្លុយតូក៏​ជាវត្ថុមួយនៃខែ្សក្រវ៉ាត់ Kuiper ដែលស្ថិតនៅចុង​ប្រព័ន្ធព្រះអាទិត្យ​ផងដែរ ហើយវាគឺជាប្រភេទភពបំរុងដែលធំជាងគេបង្អស់​។ ចំណែកឯយានអវកាស New Horizons វិញបាន​ក្លាយជា​យានអវកាស​ដំបូងគេ​បង្អស់​ដែលធ្លាប់ធ្វើដំណើរទៅកាន់​ប្រព័ន្ធនៃ​ភពភ្លុយតូ នៅ​ពេលដែលវា​បានហោះឆ្វែល​កៀកនឹងភពដ៏​តូចនេះ ក៏ដូចជាព្រះច័ន្ទទាំង០៥ ​របស់វាកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ ដែលត្រូវបានចាត់ទុកជារបកគំហើញដ៏អស្ចារ្យបំផុត កាលពីអំឡុងពាក់កណ្តាលឆ្នាំ២០១៥៕