(គូឡាឡាំពួរ)៖ ប៉ូលីសម៉ាឡេស៊ី នៅថ្ងៃចន្ទនេះ បានចាប់ខ្លួនមនុស្ស៤នាក់ ក្នុងនោះមានជនបរទេស៣នាក់ ក្រោមបទសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងក្រុម ​សកម្មប្រយុទ្ធ ISIS មានមូលដ្ឋាននៅតំបន់ភាគខាងត្បូង ប្រទេសហ្វីលីពីន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia​ នៅថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០១៧។

យោងតាមប៉ូលីសម៉ាឡេស៊ី ជនសង្ស័យទាំងបួននាក់ខាងលើរួមមាន ជនជាតិហ្វីលីពីនម្នាក់ អាយុ៣១ឆ្នាំ ជនជាតិបង់ក្លាដែស២នាក់ អាយុ២៧ឆ្នាំ និង២៨ឆ្នាំ ព្រមទាំងស្ត្រីម្នាក់មានអាយុ២៧ឆ្នាំ ជាជនជាតិម៉ាឡេស៊ី។ ពួកគេទាំងនេះត្រូវបានឃាត់ខ្លួននៅក្នុងទីក្រុង សាបាស (Sabah) ​និងទីក្រុងគូឡាឡាំពួរ នៅចន្លោះ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា កន្លងទៅនេះ ក្រោមបទសង្ស័យជាប់ទាក់ទិននឹងក្រុម ISIS​ ក្នុងការរៀបចំគំរោងបង្កើតចំណុចឆ្លងកាត់សម្រាប់ក្រុមភេរវករ ពីតំបន់មជ្ឈិមបូព៌ា មកកាន់តំបន់អាស៊ីអាគ្នេយ៍ ដើម្បីឆ្ពោះទៅកាន់កោះមិនដាណាវ នៃប្រទេសហ្វីពីន។

គួរបញ្ជាក់ថា បើតាមប៉ូលិសម៉ាឡេស៊ី ខ្សែបណ្ដាញក្រុម ISIS ថ្មីនេះ មានមូលដ្ឋាននៅតំបន់ភាគខាងត្បូងប្រទេសហ្វីលីពីន គឺត្រូវបានបង្កើតឡើងដោយអតីត សាស្ត្រាចារ្យម្នាក់មកពីសាកលវិទ្យាល័យ Malaya មានឈ្មោះថា Mahmud Ahmad ​ដែលបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយឧទ្ទាម Abu Sayyaf៕