(ប៉េកាំង)៖ តុលាការប្រទេសចិននៅថ្ងៃចន្ទនេះ បានផ្តន្ទាទោសអតីតអនុប្រធាននៃស្ថាប័នប្រឹក្សាកំពូលរបស់​រដ្ឋសភា ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹងអំពើពុករលួយ ខណៈប្រតិបត្តិការជីកឬសគល់នៃអំពើ​ពុករលួយរបស់ប្រធានាធិបតីចិន លោក ស៊ីន ជិនពីង នៅតែបន្តអនុវត្តន៍យ៉ាងក្តៅគគុក។ នេះបើតាមការ​ដកស្រង់ពីសារព័ត៌មាន Channel News Asia នាល្ងាចថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០១៧។

លោក Su Rong គឺជាអនុប្រធានមួយក្នុងចំណោមអនុប្រធានទាំង ២៣រូបរបស់​ស្ថានប័ននានា​នៅក្នុងរដ្ឋសភាចិន ដែលតែងតែ​បង្ហាញសកម្មភាពយ៉ាងផុសផុល​ក្នុងនាមជាមន្ត្រីជាន់​ខ្ពស់ ហើយលោក​បានទទួលការស៊ើបអង្កេត​កាលពី​ឆ្នាំ២០១៤ និងក្រោយមកក៏បានរកឃើញថា លោកមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ជាមួយទឹកប្រាក់ ១១៦លានយ័ន ស្មើនឹង ១៦.៩២លានដុល្លារ​អាមេរិក។

គួរបញ្ជាក់ថា ចាប់តាំងពីលោក ស៊ី ជិនពីង ឡើងកាន់អំណាចកាលពីឆ្នាំ២០១៣មក មន្ត្រីកំពូលៗចិន និងសូម្បី​មហាសេដ្ឋីជាច្រើនរូបទៀត ត្រូវបាន​សមត្ថកិច្ចចាប់បញ្ជូន​ទៅកាត់ទោស​នៅតុលាការ ដោយសារតែ​រឿង​ពុករលួយ និងការប្រព្រឹត្តអំពើ​ខ្មៅងងឹត​ក្នុងសង្គម។ ទោសទណ្ឌ​ដែលពួកគេបាន​ទទួលមានដូចជា ការកាត់ទោសប្រហារជីវិត និងជាប់គុកមួយជីវិត សម្រាប់ទោសដែលធ្ងន់បំផុត៕