(ប៉េកាំង)៖ ប្រទេសចិនបានចេញសេចក្តីអំពាវនាវមួយ ទៅកាន់រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ឲ្យមាន​ការស្វែងយល់ពីសារៈសំខាន់នៃនយោបាយ «ចិនតែមួយ» ដែលត្រូវតែគោរព​ពាក់ព័ន្ធទៅនឹងបញ្ហាជាមួយ​កោះតៃវ៉ាន់។ នេះបើតាមការដកស្រង់ព័ត៌មានពី Channel News Asia នាល្ងាចថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា ការអំពាវនាវជាផ្លូវការពីសំណាក់ប្រទេសចិននេះ បានធ្វើឡើងរយៈពេលពីរថ្ងៃបន្ទាប់ពីលោក ដូណាល់ ត្រាំ បានស្បថឡើងកាន់តំណែងជាប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិក ដោយគ្រប់គ្នាបាន​ដឹង​យ៉ាងច្បាស់ថា លោក ត្រាំ មិនពេញជាយូរណាស់មកហើយចំពោះប្រទេសចិន ជាពិសេសទៅ​លើ​វិស័យពាណិជ្ជកម្ម ដែលលោកបានចោទចិនថាដើរខ្សែលើអាមេរិករហូត។

រំលឹកកាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ លោក ត្រាំ ធ្លាប់បាននិយាយទូរស័ព្ទដោយផ្ទាល់ជាមួយ​លោកស្រី ត្សៃ អ៊ីងវិន ប្រធានាធិបតីកោះតៃវ៉ាន់ថែមទៀត ដែលវាជាការបំបែកប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក ដែលប្រធានាធិបតីមុនៗមិនដែលមានទំនាក់ទំនងដោយបើកចំហ ជាមួយកោះតៃវ៉ាន់នោះឡើយ ក៏ព្រោះតែ​ខ្លួនបានចុះហត្ថលេខាអនុវត្តន៍នយោបាយចិនតែមួយ កាលពីអំឡុងចុងទសវត្សរ៍ ១៩៧០ នោះ។

ប្រទេសចិនជារឿយៗតែងតែក្រើនរំឮកទៅដល់គ្រប់គ្នា ជាពិសេសអាមេរិកដូច្នេះថា កោះតៃវ៉ាន់ និងចិនគឺជា​ចិនតែមួយ ហើយចិនចាត់ទុកតៃវ៉ាន់គ្រាន់តែ ជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ ហើយបើសិនជាមានស្ថានការណ៍​ណាមួយមិនស្រួលកើតឡើង ចិនមានសិទ្ធិប្រើប្រាស់កម្លាំងក្រសោបគ្រប់គ្រងកោះនេះទាំងស្រុងតែម្តង៕