(ហ្គាំប៊ី)៖ កងកម្លាំងយោធា​ក្នុងតំបន់អាហ្វ្រិក​ខាងលិច បានចូល​ទៅដល់​រដ្ឋធានី Banjul នៃ​ប្រទេសហ្គាំប៊ី​ហើយ ដោយគ្រប់គ្រងវិមានប្រធានាធិបតី​នៅថ្ងៃអាទិត្យ ម្សិលមិញ​តែមួយថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់អតីត​ប្រធានាធិបតី​លោក Yahya Jammeh យល់ព្រម​ប្រគល់​អំណាច និងចាកចេញពី​ប្រទេស​កាលពី​យប់ថ្ងៃសៅរ៍ ឆ្ពោះទៅកាន់​ប្រទេសហ្គីណេ។ នេះបើ​តាមការ​ចេញផ្សាយ​ដោយ​ ទីភ្នាក់ងារ​សារព័ត៌មាន​ចិនស៊ិនហួរ នៅរសៀលថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០១៧។

យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ កងកម្លាំង​យោធា​មកពី​សហគមន៍​សេដ្ឋកិច្ច​នៃបណ្ដា​រដ្ឋអាហ្រ្វិក​ខាងលិច ឬ ​Ecowas​ បានជួបឧបសគ្គបន្តិចបន្ដួច នៅពេលព្យាយាមសម្រុកចូលវិមានប្រធានាធិបតីដោយ​សារ​តែក្រុមអង្គរក្សរបស់លោក Yahya Jammeh បានដាក់របាំងការពារ។​ ការប៉ះទង្គិចដោយអាវុធពុំ ត្រូវបានគេរាយការណ៍ឡើយ រីឯយោធាហ្គាំប៊ីម្នាក់បាននិយាយថា «នៅទីនេះគ្មានបញ្ហាអ្វីទេ»។

យើងចង់​បាន​សន្តិភាពព្រោះសន្តិភាព​មានសារៈសំខាន់​ណាស់ សម្រាប់យើងទាំងអស់គ្នា»។ ជាងនេះទៅទៀត ប្រជាជនហ្គាំប៊ី នៅក្នុងរដ្ឋធានី Banjul ក៏បានអបអរសារទរផងដែរ ចំពោះការយល់ព្រមប្រគល់អំណាចទៅឱ្យ ប្រធានាធិបតីហ្គាំប៊ីថ្មី លោក Adama Barrow ដែលកំពុងស្ថិតនៅក្នុងប្រទេសសេណេហ្គាល់។ ក៏ប៉ុន្តែ​ទន្ទឹមគ្នា​នឹងការអបអរនេះ​ទីប្រឹក្សាលោក Barrow បានអះអាងថា ថវិកាជាតិ​ជាង ១១លានដុល្លារ​អាមេរិក បានបាត់ចេញ​ពីរតនាគារជាតិ បន្ទាប់ពី​លោក Yahya Jammeh ចាកចេញ​ពីប្រទេស។

គួរបញ្ជាក់ថា វិបត្តិនយោបាយនៅក្នុងប្រទេសហ្គាំប៊ី បានកើតឡើង ក្រោយពីលោក Jammeh បដិសេធមិនព្រមទទួលស្គាល់លទ្ធផលបោះឆ្នោតដែលលោកបាន ចាញ់លោក Barrow​ កាលពីខែធ្នូ ឆ្នាំ២០១៦៕