(អង់ការ៉ា)៖ យោធាតួកគី​បានអះអាងថា​ ក្រុមសកម្មប្រយុទ្ធ ISIS​ ចំនួន៦៥នាក់ ត្រូវបានសម្លាប់ នៅក្នុង​ប្រតិបត្តិការ​យោធា​មួយ​នៅទីក្រុង Al-Bab​ ស្ថិតនៅ​ភាគខាងជើង​ប្រទេសស៊ីរី នារយៈ​ពេល​២៤ម៉ោងចុង​ក្រោយ​នេះ។ នេះបើ​តាមការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃចន្ទ​ ទី២៣ ខែមករា ឆ្នាំ ២០១៧។

ប្រភពដដែល​បានឱ្យដឹងដែរ​ថា យោធាតួកគីបានវាយប្រហារ​តាមផ្លូវអាកាស​ទៅលើ​ទីតាំង​ប្រមាណ​ជា ១៩៦កន្លែង​របស់ក្រុម​ ISIS ក្នុងនោះ​រួមមាន ទីកន្លែង​លាក់ខ្លួនមូលដ្ឋានយោធា ទីបញ្ជាការ ព្រមទាំងអាវុធ និងយានយន្ដជាច្រើន។ បន្ថែមពីលើនេះ​បើគិតជារួម បូកទាំងការ​វាយប្រហារ​ទីក្នុងទីក្រុង Tadif និងទីក្រុង Uwayshiyah ឧបករណ៍​​បំផ្ទុះ​ជាង​៣,១១៣គ្រាប់ និងគ្រាប់មីន៥៥គ្រាប់​ត្រូវបា​នបំផ្លាញ​​ចាប់តាំង​ពី​​យោធាតួកគី​​ចាប់ផ្ដើម​​ធ្វើប្រតិបត្តិការ​​យោធា​ឈ្មោះ​ថា Euphrates ដើម្បី​ប្រឆាំង​នឹងក្រុម ISIS ក្រុមឧទ្ទាម​ឃើដ YGP និងPYD​ កាលពី​ខែសីហា​មក។

គួរបញ្ជាក់ថានៅថ្ងៃចន្ទ​នេះដែរ កិច្ចចរចាសន្តិភាព​ស្ដីពី​ប្រទេស​ស៊ីរី រវាងរដ្ឋាភិបាលស៊ីរី និងក្រុមប្រឆាំងស៊ីរី បានចាប់​ផ្ដើមធ្វើ​ឡើងហើយ នៅក្នុងរដ្ឋធានី​អាស្ដាណា ប្រទេសកាហ្សាក់ស្ថាន ក្រោមកិច្ច​សម្រប​សម្រួល ដោយប្រទេស​តួកគី និងរុស្ស៊ី៕